អគ្គិភ័យ​មួយ បាន​ឆាបឆេះបណ្ដាល​ឲ្យ​ប្ដី​ប្រពន្ធ មួយគូរ បាន​ស្លាប់

ភ្នំពេញៈ គ្រោះ​អគ្គិភ័យ​មួយ បាន​ឆាបឆេះ​ផ្ទះ ប្រជាពលរដ្ឋ មួយកន្លែង បណ្ដាល​ឲ្យ​ប្ដី​ប្រពន្ធ មួយគូរ បាន​ស្លាប់ ។ ហេតុការណ៍ គ្រោះ​អគ្គិភ័យ​ខាងលើនេះ បាន​បង្ក​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១២ និង ១០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិត​តាម​បណ្ដោយ ផ្លូវ​បេតុង ក្នុង​បុរី​គឹម​សាន្ត ភូមិ​តា​កេរ​ត្តិ៍ សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ជា​ប្តី មានឈ្មោះ សុផល អាយុ​៦០​ឆ្នាំ មុខរបរ មន្ត្រីរាជការ រីឯ​ប្រពន្ធ​មានឈ្មោះ សុខ ខុម អាយុ​៥០​ឆ្នាំ មុខរបរ​មេផ្ទះ ស្នាក់​នៅផ្ទះ កើតហេតុ​ខាងលើ​។​

​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​មាន​អណ្ដាត ភ្លើង​ឆេះ ចេញពី​ក្នុងផ្ទះ​លាយឡំ​នឹង​ផ្សែងហុយ​ខ្មួលខ្មាញ់ និង​ឮ​សំឡេង ម្ចាស់ផ្ទះ ស្រែក​ឲ្យ​គេ​ជួយ ភ្លាមនោះ ប្រជាពលរដ្ឋ ដែលមាន​ផ្ទះ​នៅ​ជិត​នោះ បាននាំគ្នា​យក បំពង់​ពន្លត់​អគ្គិភ័យ មកជួយ​បាញ់​ពន្លត់ តែ​មិន​រលត់ ក៏បាន​រាយការណ៍ ទៅ​សមត្ថកិច្ច ឲ្យ​ចេញ​រថយន្ត មកជួយ​ពន្លត់ និង​ជួយសង្គ្រោះ​ម្ចាស់ផ្ទះ ពីរ​នាក់ ប្ដី​ប្រពន្ធ យកទៅ សង្គ្រោះ នៅឯ​មន្ទីរពេទ្យ តែ​អកុសល ជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ​បាន​ស្លាប់បាត់ទៅហើយ។​

​បើតាម​សមត្ថកិច្ច បានដឹងថា គ្រោះ​អគ្គិភ័យ​នេះ ផ្ដើម​ពី​ការឆ្លង​ចរន្តអគ្គិសនី ។ ទ្រព្យសម្បត្តិ មួយចំនួន ត្រូវ​អគ្គិភ័យ ឆេះ​ទាំងស្រុង​។​ សពជនរងគ្រោះ នៅឯ​មន្ទីរពេទ្យ​ រង់ចាំ​សមត្ថកិច្ច​ជំនាញ មក​ធ្វើ​កោសល្យវិច័យ មុននឹង​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​៕

Leave a Reply

Your email address will not be published.