បុរស​ម្នាក់ បាន​ស្លាប់ និង​នារី​ម្នាក់ទៀត រងរបួស​ស្រាល បន្ទាប់ពី​បើក​ម៉ូតូ ទៅបុក​ខឿន​ថ្ម

 ភ្នំពេញៈ  កាលពី វេលា​ម៉ោង ២ រំលងអធ្រាត្រ ឈានចូល ថ្ងៃ​ចន្ទ ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១។ បុរស​ម្នាក់ បាន​ស្លាប់ និង​នារី​ម្នាក់ទៀត រងរបួស​ស្រាល បន្ទាប់ពី​បើក​ម៉ូតូ ទៅបុក​ខឿន​ថ្ម សួនច្បារ​ចែក​ទ្រូងផ្លូវ តាម​បណ្តោយ​ផ្លូវ ទួល​ពង្រ ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនរងគ្រោះ ទាំងពីរ ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឃ្លិ​ច ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1FM.8149 ។​ បុរសដែល​ស្លាប់​ ឈ្មោះ សុខ បញ្ញា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ផលិតផល​តាម អន​ឡាញ ស្នាក់នៅ​ក្នុង​បុរី​ពិភពថ្មី ចំការ​ដូង មាន​ស្រុកកំណើត​នៅ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ ស្ត្រី​ដែល​ជិះ​ពីក្រោយ មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ នោះទេ​។ ដោយ​រងរបួស​ស្រាល ក៏បាន​ចាក​ចេញពី​កន្លែងកើតហេតុបាត់ទៅ។

​តាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា  គេ​ឃើញ​បុរសរងគ្រោះ ខាងលើ ជិះ​ម៉ូតូឌុប​ស្ត្រី​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​ទួល​ពង្រ ក្នុងទិសដៅ​ពី​ខាងត្បូង មក​ខាងជើង ហើយក៏​បត់​ត្រឡប់ក្រោយ​វិញ ខណៈពេល​នោះ ឃើញ​គាត់​លូក​យក​ទូរស័ព្ទ មិនបាន​ប្រុងប្រយ័ត្ន  ក៏បាន រេ​ចង្កូត​មក​ឆ្វេង​ដៃ ទៅបុក​នឹង​ខឿន​ថ្ម  បណ្ដាលឱ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់ ស្លាប់​ភ្លាម​មួយ​រំពេច នៅនឹងកន្លែង​កើតហេតុ ដោយសារតែ​គាត់ មិន​ពាក់មួក​សុវត្ថិភាព ។ ​

​សូមជម្រាបថា សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ បានមក​យក​ម៉ូតូ ទៅ​រក្សាទុក ចំណែក​សព សមត្ថកិច្ច​បានប្រគល់​ឲ្យ​សាច់ញាតិ​ ដើម្បីធ្វើបុណ្យផងដែរ​៕

Leave a Reply

Your email address will not be published.