លោក ហ៊ុន ម៉ានី ជាអ្នកនយោបាយវ័យក្មេងដំបូងគេដែលមាន «ការិយាល័យអេឡិចត្រូនិក» ឬ «ការិយាល័យអនឡាញ» ដើម្បីងាយស្រួលដល់សាធារណៈទំនាក់ទំនងដោយផ្ទាល់

(ភ្នំពេញ)៖ «ការិយាល័យអេឡិចត្រូនិក» របស់ លោក ហ៊ុន ម៉ានី ដែលមានការចនា និងតម្លើងជាមួយមុខងារយ៉ាងច្រើនសម្បូរបែបក្នុងគេហទំព័រ hunmany.kh ត្រូវបានប្រកាសដាក់ឲ្យដំណើរការ និងប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។ ការដាក់ឲ្យដំណើរការនេះ គឺចំពេលថ្ងៃខួបកំណើតរបស់លោកផ្ទាល់តែម្ដង។

លោក សោម រតនា សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ បានឲ្យដឹងថា តាមរយៈការដាក់ឲ្យប្រើប្រាស់នូវការិយាល័យអេឡិចត្រូនិក ឬការិយាល័យអនឡាញនេះ ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមដល់សាធារណជន ក្នុងការស្វែងរកព័ត៌មាន និងផ្សារភ្ជាប់ទំនាក់ទំនងមកកាន់ លោក ហ៊ុន ម៉ានី លើគ្រប់ក្របខ័ណ្ឌការងារ បានឆាប់រហ័សតាមរយៈប្រព័ន្ធអេឡិចត្រូនិក។

បើតាមលោក សោម រតនា, លោក ហ៊ុន ម៉ានី គឺជាអ្នកនយោបាយវ័យក្មេង ហើយដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលមានការិយាល័យអេឡិចត្រូនិក ឬការិយាល័យអនឡាញ។ ការបង្កើតនូវការិយាល័យអនឡាញនេះ គឺប្រៀបដូចជាការដើរឲ្យទាន់នូវការវិវត្តន៍ថ្មីៗ របស់ពិភពលោក ពិសេសលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។

លោក សោម រតនា បានគូសបញ្ជាក់បន្ថែមថា ការិយាល័យអេឡិចត្រូនិករបស់ លោក ហ៊ុន ម៉ានី មានគោលដៅ និងមុខងារចម្បងបួនសំខាន់ៗក្នុងនោះរួមមាន៖

*ទី១៖ ជាប្រភពនៃព័ត៌មានផ្លូវការនានាអំពី លោក ហ៊ុន ម៉ានី ក្នុងទម្រង់ចមហរុះរួមមានជាអត្ថបទព័ត៌មាន វីដេអូឃ្លីប ឬឯកសារផ្សព្វផ្សាយ ដែលសាធារណជនអាចធ្វើការចូលមើល និងទាញយក

*ទី២៖ ផ្តល់នូវវេទិកាសម្រាប់បង្កើនប្រសិទ្ធភាពនៃការងារទំនាក់ទំនងសាធារណៈ ដោយការបញ្ញាបទស្សនាទាន សារខ្លី ឬសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក ហ៊ុន ម៉ានី ទៅកាន់មហាជនទាំងក្នុង និងក្រៅប្រទេស បន្ថែមលើមធ្យោបាយផ្សព្វផ្សាយដែលមានស្រាប់តាមបណ្តាញសង្គមនានា។

*ទី៣៖ ជាយន្តការបង្ហាញពីបេសកកម្ម និងការបំពេញការងាររបស់ លោក ហ៊ុន ម៉ានី ក្នុងគ្រប់ក្របខណ្ឌការងាររួមមាន៖ ការងារនយោបាយ ការងារក្នុងអង្គនីតិបញ្ញត្តិ ការងារមូលដ្ឋាន ការងារសង្គម និងការងារយុវជន ។ល។

*ទី៤៖ ឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំជំនាន់ថ្មី ដែលចាំបាច់ក្នុងការសម្របខ្លួនតាមការវិវត្តន៍សង្គម ជាពិសេសក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ ដោយការទាញប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាដើម្បីពង្រីកវិសាលភាព និងប្រសិទ្ធភាពក្នុងការផ្សាភ្ជាប់ទំនាក់ទំនងជាមួយសាធារណជន។

លោក សោម រតនា បានបន្ដទៀតថា ការបង្កើតនូវការិយាល័យអេឡិចត្រូនិកនេះ ក៏បានឆ្លុះបញ្ចាំង និងឆ្លើយតបទៅនឹងនិន្នាការថ្មី នៃច្បាប់ស្ដីពីការទទួលព័ត៌មានផងដែរ ហើយបច្ចុប្បន្ននេះ គេហទំព័រ hunmany.kh កំពុងតែធ្វើបច្ចុប្បន្នភាពជាបន្ដបន្ទាប់ ដើម្បីបំពេញទៅតាមតម្រូវការអ្នកប្រើប្រាស់។ លោកបន្ថែមថា ប្រជាពលរដ្ឋគ្រប់រូប គឺសុទ្ធតែអាចជួបជជែកដោយផ្ទាល់ ជាមួយលោក ហ៊ុន ម៉ានី បានទាំងអស់នៅពេលមានតម្រូវការពិតប្រាកដ។

មួយវិញទៀត អ្វីដែលកាន់តែងាយស្រួលសម្រាប់អ្នកសារព័ត៌មាននោះ គឺការចង់ណាត់ជួបសម្ភាសន៍ មិនចាំបាច់ដាក់លិខិតរដ្ឋបាលផ្លូវការទៅកាន់ខុទ្ទកាល័យរបស់លោក ហ៊ុន ម៉ានី នោះទេ ពោលគ្រាន់តែចូលតាមរយៈគេហទំព័រនេះ ហើយបំពេញតាមការណែនាំ ដោយបញ្ជាក់អំពីឈ្មោះ លេខទូរស័ព្ទ តួនាទី ស្ថាប័នបម្រើការងារ និងគោលបំណងជាការសម្រេច។

សូមជម្រាបថា ក្នុងនោះផងដែរ ជាមួយនឹងពហុមុខងារដូចមានរៀបរាប់ខាងលើ ការិយាល័យអេឡិចត្រូនិកនេះ នឹងអនុញ្ញាតឲ្យសាធារណជន ទទួលបានព័ត៌មានរបស់ លោក ហ៊ុន ម៉ានី លើគ្រប់ក្របខណ្ឌការងាររួមមាន៖

*ទី១៖ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា
*ទី២៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
*ទី៣៖ អគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា
*ទី៤៖ ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី
*ទី៥៖ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ
*ទី៦៖ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលកម្ពុជា ៤.០។

សម្រាប់គេហទំព័រ hunmany.kh ដែលប្រើប្រាស់ជាការិយាល័យអេឡិចត្រូនិកនេះ គឺបានទទួលសិទ្ធក្នុងការប្រើប្រាស់ Domain.kh តែមួយគត់នៅកម្ពុជាក្នុងពេលបច្ចុប្បន្ន ហើយនិងបានដាក់បង្ហោះបានសម្រេចជាស្ថាពរ៕

 

ប្រភព fresh news

 

Leave a Reply

Your email address will not be published.