ឪពុកម្ដាយ និងក្រុមគ្រួសារកុមារីរងគ្រោះខេត្តកំពង់ឆ្នាំង លើកដៃសំពះ ស្នើសុំឲ្យអភិបាលខេត្ត និងសមត្ថកិច្ចជួយដោះស្រាយអោយបានលឿនផង

(កំពង់ឆ្នាំង)៖ ឪពុកម្ដាយ និងក្រុមគ្រួសារកុមារីរងគ្រោះ ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ពួកគាត់បានទទូចស្នើសុំដល់អភិបាលខេត្តកំពង់ឆ្នាំង និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយពន្លឿនក្នុងការដោះស្រាយផ្ដល់សំណងជូនពួកគាត់ជាក្រុមគ្រួសារកុមារីរងគ្រោះឲ្យបានឆាប់ផង ដោយសារតែពួកគាត់មានជីវភាពខ្វះខាត ហើយត្រូវការយកប្រាក់មកធ្វើបុណ្យ១០០ថ្ងៃឲ្យកូន។

លោក ពៅ ជឿន អាយុ៣៣ឆ្នាំ ជាមន្ត្រីយោធាកងពលលេខ៨៦ ប្រចាំការនៅស្រុកភ្នំស្រួច ជាឪពុករបស់កុមារីរងគ្រោះ បច្ចុប្បន្នមានទីលំនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោកបានរៀបរាប់ ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ កូនស្រីរបស់លោកមានអាយុ៥ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ករណីនេះកើតឡើងនៅតាមបណ្ដោយ ផ្លូវជាតិលេខ៥៣ ត្រង់ចំណុចភូមិត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ។

លោកបន្តថា នៅថ្ងៃកើតហេតុ ដំបូងឡើយកូនប្រុសរបស់លោក បានជិះម៉ូតូមួយគ្រឿងដឹកប្អូនស្រីទៅលេងផ្ទះអ៊ុនៅឯភូមិត្រោកលិច លុះពេលត្រឡប់មកវិញមក ដល់ចំណុចកើតហេតុខាងលើនេះ កូនប្រុសរបស់លោក ឃើញរថយន្ត១គ្រឿង បង្អុន់ល្បឿននៅពីមុខដោយសារនៅទីនោះមានក្រឡុកច្រើន ហើយកូនប្រុសរបស់លោកស្មានតែរថយន្តនោះឈប់ ក៏ជិះម៉ូតូឡើងវ៉ា ពេលវ៉ាដល់ទន្ទឹមពាក់កណ្ដាលរថយន្ត ក៏ស្រាប់តែរថយន្តនោះងាក ក្បាលមកប៉ះចំដៃម៉ូតូត្រង់កន្លែងហ្គែរ ធ្វើឲ្យម៉ូតូស្ទុះទៅមុខបណ្ដាលឱ្យកូនស្រីដែលជិះនៅពីមុខធ្លាក់ពីលើម៉ូតូ។

ពេលនោះបន្ទាប់ពីកូនប្រុសរបស់លោកឃើញប្អូនស្រីធ្លាក់ពីលើម៉ូតូ រូបគេក៏បានផ្ដួលម៉ូតូ ហើយរត់សំដៅទៅរកប្អូន ពេលនោះដែរកូនស្រីរបស់លោកបានងើបឈរ តែត្រូវបានរថយន្តនោះមកបុកត្រង់ចង្កេះកូនស្រីរបស់គាត់ ពីក្រោយដួល។ បន្ទាប់មក កង់ក្រោយរបស់រថយន្ត បានកិនកូនរបស់លោកបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុនោះតែម្ដង។ រឿងហេតុដែលបានរៀបរាប់ទាំងអស់ខាងលើនេះ គឺលោកផ្អែកទៅលើសាក្សី និងកូនប្រុសរបស់លោក ដែលនៅក្នុងហេតុការណ៍នោះផ្ទាល់គេបានរៀបរាប់ប្រាប់លោក។

លោកបានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីកើតហេតុបានមួយថ្ងៃ លោកក៏ត្រូវបានសមត្ថកិច្ចនគរបាលហៅទៅដោះស្រាយនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ។ នៅថ្ងៃដែលទៅដោះស្រាយនោះ អ្នកបើករថយន្តបង្កក៏បានទៅដែរ តែមិនបានចូលមកជួបចរចានោះទេ គឺឲ្យតំណាងមកចរចាជំនួស។លុះក្រោយមកអ្នកបង្ក ក៏បានហៅគ្រួសារលោកឲ្យ ទៅដោះស្រាយគ្នានៅផ្ទះរបស់គាត់ ឯភូមិត្រពាំងស្បូវ ឃុំស្រែថ្មី តែគ្រួសារលោកចង់ឲ្យគាត់មកដោះស្រាយគ្នានៅកន្លែងសមត្ថកិច្ចវិញ តែគាត់មិនមក រឿងនេះត្រូវបានពន្យារពេលរហូតមកដល់ថ្ងៃនេះ។ លោក និងក្រុមគ្រួសារ មានតែលើកដៃសំពះស្នើសុំដល់តុលាការ និងសមត្ថកិច្ចពាក់ព័ន្ធ ពិសេសសាម៉ីខ្លួនជាអ្នកបង្កសូមចូលខ្លួនមកធ្វើការដោះស្រាយគ្នាដើម្បីបញ្ចប់រឿង។

ករណីរឿងខាងលើនេះ លោក សំ សុខា អធិការរងទទួលផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានបញ្ជាក់ប្រាប់ថា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ  ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺមិនមែនដូចក្រុមគ្រួសាររបស់គាត់បានរៀបរាប់ប្រាប់នោះទេ។ បើតាមសាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់លោកថា ម៉ូតូនោះបានជិះឡើងវ៉ារថយន្ត ហើយក៏បានទាក់ដៃចង្កូតជាមួយរថយន្ត ធ្វើឱ្យប្អូនស្រីដែលជិះពីមុខធ្លាក់ត្រូវនឹងថ្នល់ក្រាលកៅស៊ូ ហើយម៉ូតូបានអូសជនរងគ្រោះ រហូតរងរបួសនិងបានស្លាប់នៅកន្លែងកើតហេតុតែម្ដង។

លោកបន្តថា មកដល់ថ្ងៃនេះសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ លោកមិនទាន់បានធ្វើបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តនៅឡើយទេ ដោយសារតែសំណុំរឿងនៅមានច្រើន ម្យ៉ាងទុកពេលឱ្យភាគីទាំងសងខាង ចចារគ្នាសិន ករណីមិនត្រូវគ្នា ឬក៏ត្រូវគ្នាក៏ដោយ លោកត្រូវតែបញ្ជូនសំណុំរឿងនេះទៅតាមនីតិវិធី។

ដោយឡែក លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងទទួលផែនចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថានៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ករណីខាងលើនេះ លោកក៏បានដឹងដែរថា តែកន្លងមកភាគីទាំងសងខាង បានចរចាគ្នានៅកន្លែងអធិការដ្ឋាននគរបាលស្រុករលាប្អៀរម្ដងរួចមកហើយ តែមិនត្រូវគ្នា ក៏បានសុំទៅចរចានៅនឹងផ្ទះវិញ។ តែប្រសិនបើនៅតែចរចាគ្នាមិនត្រូវ លោកនឹងឲ្យអធិការរងនគរបាលទទួលផែនចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរកោះហៅ មកធ្វើការចរចាគ្នានៅនឹងអធិការដ្ឋាននគរបានស្រុករលាប្អៀរម្ដងទៀត៕

Leave a Reply

Your email address will not be published.