បុរសដែលជេរប្រមាថមើលងាយសមត្ថកិច្ចត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ

(ភ្នំពេញ)៖ នៅវេលាម៉ោងជាង១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បុរសម្នាក់ដែលជេរប្រមាថមើលងាយមន្ដ្រីនគរបាលចរាចរណ៍ពេលកំពុងអនុវត្តច្បាប់នោះ ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានហើយនៅ នៅស្ដុបផ្សារដើមគរ ស្ថិតក្នុងខណ្ឌទួលគោក ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងនៅមុននេះបន្ដិចថា ការចាប់ខ្លួននេះ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍  នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា បន្ទាប់ពីឃាត់ខ្លួនបុគ្គលរូបនេះ ត្រូវបានបញ្ជូនទៅសួរនាំនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សូមជម្រាបថា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនគរបាលរាជធានីភ្នំពេញ តាមចាប់ខ្លួនបុគ្គលម្នាក់ ដែលជេរប្រមាថមើលងាយ មន្ដ្រីនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្ពានអាកាសស្ទឹងមានជ័យ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានដាក់បទបញ្ជាយ៉ាងដូច្នេះថា «ករណីនេះស្នងការនគរបាលរាជធានីខេត្ត ត្រូវដកពិសោធន៍ជាបន្ទាន់ ពិសេសកម្លាំងចរាចរណ៍ផ្លូវគោក ឯកឧត្តម ហ៉ឹម យ៉ាន, នាយកដ្ឋានចរាចរណ៍ និងចរាចរណ៍ទូទាំងប្រទេស ខ្ញុំបានណែនាំច្រើនដងហើយមានករណីកើតឡើងមើលងាយមើលថោក មកលើកម្លាំងសមត្ថកិច្ចដែលកំពុងបំពេញកាតព្វកិច្ចនៅលើដងផ្លូវសាធារណៈអញ្ជឹងនេះ ហៅកម្លាំងអន្ដរាគមន៍ដាក់ខ្នោះភ្លាម យកមកប៉ុស្ដិ៍ អត់មានឈ្លោះ អត់មានប្រកែក។ យើងត្រូវប្ដឹងទៅតុលាការពីបទរារាំង បទបំផ្លាញកិច្ចការរបស់យើង មើលងាយមើលថោកកងកម្លាំង។

សូមជម្រាបថា ការដាក់បទបញ្ជារនេះ ធ្វើឡើងបន្ទាប់ពីមានការចែកចាយ វីដេអូ នៅតាមបណ្ដាញសង្គម Facebook ដោយបានបង្ហាញពីសកម្មភាពច្រង៉ែងច្រង៉ាង គំរាមប្រើប្រាស់អំពើហិង្សា របស់បុរសម្នាក់មកលើ មន្ដ្រីនគរបាលចរាចរណ៍ នៅគោលដៅអនុវត្តច្បាប់ស្ពានអាកាសស្ទឹងមានជ័យ។ បុរសម្នាក់នោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ  បន្ថែមពីនេះ បុរសរូបនោះបានគំរាមដកស័ក្ដិមន្ដ្រីនគរបាលដែលកំពុងតែឈរជើងអនុវត្តច្បាប់ថែមទៀតផង។​ យ៉ាងណាមិញ គេមិនទាន់ដឹងមូលហេតុច្បាស់អំពីរឿងរ៉ាវនេះនៅឡើយទេ ប៉ុន្ដែគ្រាន់តែដឹងជំហ៊ានដំបូងបុរសម្នាក់នោះ ជិះម៉ូតូមួយគ្រឿង ម៉ាក Honda NEX ពាក់ផ្លាកលេខភ្នំពេញ1BG-5792 បានប៉ះអ្នកធ្វើដំណើរតាមដងផ្លូវ ជាមួយគ្នា ហើយជិះបកបញ្ច្រាសនៅក្រោមស្ពាន ពេលនោះសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅកន្លែងនោះ បានចេញឃាត់តែម្ដង។ តាមរយៈរូបភាព ម៉ូតូរបស់បុរសម្នាក់នេះ មិនមានកញ្ចក់មើលក្រោយនោះទេ ដែលនេះក៏ចាត់ទុកថា ល្មើសច្បាប់មួយករណីបាត់ទៅហើយ៕

 

Leave a Reply

Your email address will not be published.