នារី​ពីរ​នាក់​បាត់បង់​ជីវិត និង​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់

កំពត: ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១​ មានគ្រោះថ្នាក់ចរាចរមួយកើតឡើងនៅ​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ព្រែក​ក្រែង សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ​។ ​រថយន្ត​មួយគ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន រួចជ្រុលទៅបុកម៉ូតូ​ពីរ​គ្រឿង​បណ្តាល​ឲ្យ​នារី​ពីរ​នាក់​បាត់បង់​ជីវិត និង​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់​។

មុន​គ្រោះថ្នាក់​កើតឡើង គេ​ឃើញ​ម៉ូតូ​ពីរ​គ្រឿង​បើក​មកពី​ទិស​ខាងលិច​គឺ​មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ ឯ​មួយគ្រឿង​ទៀត​ធ្វើដំណើរ​ដោយ​នារី​ពីរ​នាក់​ ស្របពេលនោះ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា​ហ្វ័​រ​ធូ​ន័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BE-2988 បើក​មកពី​មុខ​ដោយ​ល្បឿន​យ៉ាង​លឿន​រួច​បុក​ម៉ូតូ​ទាំងពីរ​គ្រឿង​ធ្វើអោយមានការភ្ញាក់ផ្អើល ​។ រួចក៏មាន​អ្នកនៅជិតកន្លែងកើតហេតុ​ចូលទៅ​ជួយ​ស្រាប់តែ​ឃើញ​ស្ត្រី​ទាំងពីរ​នាក់​បាន​ស្លាប់​ទៅហើយ​។ ចំណែក​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​ជាបន្ទាន់​។

សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា អ្នកបើកបរ​រថយន្ត​បង្ក​ជា​ជនជាតិ​ចិន​ឈ្មោះ Liu wie ភេទ​ប្រុស អាយុ ៣១​ឆ្នាំ​។ ចំណែក​អ្នក​បាត់បង់​ជីវិត​ទាំងពីរ​នាក់​ជា​កម្មការិនី​មាន​ទីលំនៅ​ភូមិ​បុស្ស​ញិញ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត​។ ដោយឡែក​បុរស​ដែល​រងរបួស​រស់នៅ​ភូមិ​រលួស សង្កាត់​បឹង​ទូក ក្រុង​បូកគោ ខេត្តកំពត​៕​

Leave a Reply

Your email address will not be published.