ក្លឹបបាល់ទាត់ វិសាខា បានបន្ដគ្រងជើងឯកពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន ជាលើកទី២

ពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ លើកទី១៥ ឆ្នាំ២០២១ ក្លឹបបាល់ទាត់ វិសាខា បានបន្ដគ្រងជើងឯកពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន  ក្រោយយកឈ្នះ ព្រះខ័នរាជស្វាយរៀង ដោយការទាត់បាល់ ប៉េណាល់ទី កាត់សេចក្ដី ៥-៤ បន្ទាប់ពីប្រកួត ១២០នាទីស្មើគ្នា ២-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។

ក្លឹបបាល់ទាត់ វិសាខា បានបន្ដគ្រងជើងឯកពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន ជាលើកទី២ ជាប់គ្នា។ នៅកីឡដ្ឋាន Smart RSN កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ការប្រកួតគូរទាំងពីរនះ ប្រើរយៈពេល ៩០នាទី ក្រុមទាំងពីរ បានរក្សា លទ្ធផលស្មើគ្នា ១-១ មុនរកបាន ១គ្រាប់ម្នាក់ទៀត ក្នុងម៉ោងបន្ថែម ១៥នាទី ២ដង។ ២គ្រាប់របស់អតីតក្រុមជើងឯក ៤សម័យព្រះខ័នរាជស្វាយរៀង សុទ្ធតែជាគ្រាប់បាល់នាំមុខគូប្រជែង ដែលរកបានដោយកីឡាករ ប្រាក់ មុន្នីឧត្តម នៅនាទី៥៣ និងសិស្សប្អូន ជូ ស៊ិនទិ នៅនាទី១០០។ រីឯគ្រាប់តាមស្មើរបស់វិសាខា ធ្វើសម្រេចដោយកីឡាករ វុធ តុលា នៅនាទី៧១ និងកីឡាករ អ៊ុក សុវណ្ណ នៅនាទី១០៦។

ឈានដល់ការកាត់សេចក្ដីដោយទាត់បាល់ប៉េណាល់ទី ក្រុមវិសាខា ធ្វើបានសម្រេច ៥គ្រាប់ ដោយកីឡាករ ទិត្យឌីណា, អ៊ិន វិច្ឆ័យ, ស៊ិន សុផាណាត់, អ៊ិន សូដាវីដ និង អ៊ុក សុវណ្ណ។ ខណៈព្រះខ័នរាជស្វាយរៀង ធ្វើសម្រេចតែ ៤គ្រាប់ប៉ុណ្ណោះ បន្ទាប់ពីកីឡាករ សួន សុវណ្ណ ទាត់បាល់ទី៤ ពុំបានសម្រេចលើរបាទី។ ក្រុមវិសាខា បន្ដគ្រងតំណែងជើងឯកជាថ្មី  ខណ:ព្រះខ័នរាជស្វាយរៀង បានទទួលត្រឹមជើងឯករង។

ពិធីបិទការប្រកួតពានរង្វាន់ថ្នាក់ជាតិនេះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡា បាល់ទាត់កម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជ ធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង ក៏បាននាំយកនូវ អំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ៥ម៉ឺនដុល្លារ ឧបត្ថម្ភដល់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ផងដែរ។

ចំពោះប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកវិសាខា​ទទួលបានពាន អមប្រាក់រង្វាន់ ១០០លានរៀល, ក្រុមជើងឯករងព្រះខ័នរាជស្វាយរៀង ទទួលបានប្រាក់រង្វាន់ ៦០លានរៀល, ក្រុមចំណាត់ថ្នាក់លេខ៣ បឹងកេត ដែលបានយកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ២-០ គឺទទួលបានប្រាក់រង្វាន់ ៣០លានរៀល។ រីឯភ្នំពេញក្រោន ទទួលបានត្រឹមពានរង្វាន់ Fair-Play ទទួលបានប្រាក់រង្វាន់ ៣លានរៀល៕

Leave a Reply

Your email address will not be published.