សំណុំរឿងជួញដូរអាវុធនៅខេត្តបាត់ដំបង ជនជាប់សង្ស័យចំនួនប្រាំពីរនាក់ក្នុងនោះមានថ្នាក់ឧត្តមសេនីយ៍ចំនួនពីរនាក់,ថ្នាក់វរសេនីយ៍ ក្នុងកងយោធពលខេមរភូមិន្ទ និង នគរបាលជាតិផងដែរ។

លោក​ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ករណី​ខាងលើនេះ​តំណាង​អយ្យការ បាន​បើក​ការ​ស៊ើបសួរ​និង​បាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​រួចហើយ​។​អ្នកនាំពាក្យ​ដដែល​បញ្ជាក់ថា​តំណាង​អយ្យការ​បាន​បើក​ការ ស៊ើបសួរ ទៅ​ចៅក្រម​ស៊ើបសួរ ពីបទ​ជួញដូរ នាំចេញ​និង​សន្និធិ​អាវុធ​គ្រឿងផ្ទុះ​និង​គ្រាប់រំសេវ​ដោយ​គ្មាន​ការអនុញ្ញាត ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច តាម​មាត្រា ៤៨៨ និង​មាត្រា ២០ នៃ​ក្រមព្រហ្មទណ្ឌ និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ ។

ដោយ​បានចាប់ឧ​ត្ត​ម​សេនីយ៍​យោធា​ម្នាក់​នៅមុខ​ភោជនីយដ្ឋាន ស្យាម​ស៊ី​ហ្វូ​ត ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០២១​។​ជា​បន្តបន្ទាប់​សមត្ថកិច្ច​បាន​ឈានទៅ​ចាប់ខ្លួន​ជនជាប់សង្ស័យ​ចំនួន​ប្រាំមួយនាក់ទៀតដែល​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿងនេះ​រួច​បញ្ជូនទៅ​តុលាការ និង កំពុង​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​បន្តទៀត​។​

មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ ​បានបញ្ជាក់​ថា តម្រុយ​ដំបូង​សមត្ថកិច្ច​បាន​ប្រទះឃើញ​អាវុធ នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំរៀង ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០២១ និង​ចំណុច​ចម្ការ​តា​ង៉ែ​ន​ស្ថិត ក្នុងភូមិ​អូរ​រំដួល ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី​១២​ខែវិច្ឆិកា​។​ផ្តើមចេញពី​ចំណុច​សមត្ថកិច្ច ប៉ូលិស បាន​បើក​ការស្រាវជ្រាវ​។​លទ្ធផល​ស្រាវជ្រាវ​គឺ​វត្ថុតាង​ចាប់យក​មាន​អាវុធ​ចំនួន​៥៣​ដើម (AK47 ៥០​ដើម M79 ចំនួន​៣​ដើម​) និង​បង់​AK47 ចំនួន​៤៧​បង់ ។​

​ប្រភព​ដដែល​បន្តថា ការស្រាវជ្រាវ​បាន​ឈាន​ឃាត់ខ្លួន​បាន​មុខសញ្ញា​សង្ស័យ​បាន​ចំនួន​ប្រាំពីរ​នាក់​។​ក្នុងនេះ ១.​លៀង ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មន្ត្រី​ការិយាល័យ​ពលករ​ខ្មែរ​ក្រៅប្រទេស នាយកដ្ឋាន​វិនិយោគឯកជន​នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ។ ២.​ឧត្ដមសេនីយ៍ត្រី អូន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​យោធា​នៅ​អគ្គនាយកដ្ឋាន​សម្ភារ​ប​ច្ចេកទេស ក្រសួងការពារជាតិ ។ ៣.​ព្រិន្ទបាលឯក វី វិ​ន​ហាយ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ យោធា​នៅ​សឹក​រង​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​៤.​ប៉ុល នី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ អតីត​យោធា​នៅ​តំបន់​ប្រតិបត្តិការ​សឹង​រក​បាត់ដំបង ក​៥ កងទ័ពជើងគោក​។​៥. ឧ​ត្ត​ម​សេនីយ៍​ទោ គង់ ណោ​រ៉ា​ន់ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ នាយករង​ឃ្លាំង​សម្ភារ​បច្ចេក​ទស​(K4)​អគ្គនាយកដ្ឋាន​សម្ភារ បច្ចេកទេស​ក្រសួងការពារជាតិ​។​៦.​វរសេនីយ៍ឯក យូ សំណាង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​មន្ត្រី​បម្រើ​ការងារ​នៅ​អគ្គនាយក ដ្ឋា​ន​សម្ភារ​បច្ចេកទេស ក្រសួងការពារជាតិ ។ ៧.​វរ​សេនីយ​ទោ ព្រហ្ម សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​មន្ត្រី​បំរើការ​ងារ​នៅ អគ្គនាយកដ្ឋាន​សំភារ​:​បច្ចេកទេស​ក្រសួងការពារជាតិ ។​

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេ​ម​ភូមិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​មានប្រសាសន៍ថា​ពាក់ព័ន្ធ​ការឃាត់ខ្លួន​នាយទាហានជាន់ខ្ពស់​ដែល​ពាក់ព័ន្ធ​ទៅនឹង​អាវុធ​ដែល​បាន​រកឃើញ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​ជាប់​នឹង​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​គឺជា​កិច្ចការ​សហការ​រវាង​កងរាជអាវុធហត្ថ​ជាមួយនឹង​នគរបាលជាតិ គឺ​បានធ្វើការ​ឃាត់ខ្លួន​បុគ្គល​យោធិន ដែលមាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​តាម​ចម្លើយ​របស់​ជនល្មើស​ដែល​ខាង នគរបាល​បាន​ចាប់ខ្លួនបាន​។ ហើយ​ក្រោយ​ធ្វើការ​ឃាត់ខ្លួន​សាកសួរ គឺមាន​ការពាក់ព័ន្ធ​នឹង​ការជួញដូរ​អាវុធ​ដូចដែល ខាង​នគរបាល​បាន​ស៊ើបអង្កេត​ឃើញ​មែន ។​

​ប្រភព​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់ថា អ្នកពាក់ព័ន្ធ​ក្នុង​សំណុំរឿង ពុំទាន់​ចាប់ខ្លួន​អស់​នៅឡើយ​ទេ ។ សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​និង​ឈានទៅ​ចាប់ខ្លួន​បន្តទៀត​។​

​ប៉ុន្តែ​អ្វី​ដែលជា​លើក​ជា​ចម្ងល់​ក្នុង​សំណុំរឿង​ថា តើ​អ្នកមាន​អ្នកណាខ្លះ​នៅ​ពីក្រោយ​សំណុំរឿង​ដែលមាន​ទំនាក់​ទំនងជា​​ប្រព័ន្ធ​នេះ​?ហើយសមាសភាពជាក្រុមណា?៕​​

Leave a Reply

Your email address will not be published.