ពលករខ្មែរចំនួន ៦នាក់បានស្លាប់ជាបន្តបន្ទាប់ ខណៈជាង ១០នាក់ទៀតបានកំពុងសង្រ្គោះ

ប៉ោយប៉ែត៖ ពលករខ្មែរចំនួន ៦នាក់បានស្លាប់ជាបន្តបន្ទាប់ ខណៈជាង ១០នាក់ទៀតបានកំពុងសង្រ្គោះ ក្រោយពីពួកគេបានយកអាល់កុលលាយជាមួយទឹកក្រូចនិងទឹកអូអ៊ិឈិផឹកនៅក្នុងមណ្ឌលចត្តាឡីស័កមួយកន្លែងនៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នេះបើតាមការបញ្ជាក់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ទៀតថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះនៅមណ្ឌលចត្តាឡីស័ក កូបធំសង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានពលករចំនួន ២២នាក់បានកំពុងធ្វើចត្តាឡីស័ក ហើយពួកគាត់បានយកអាលកុលលាយជាមួយទឹកអូអ៊ិឈិ និងទឹកក្រូចនាំគ្នាផឹក ហើយភ្លាមនោះ បានស្លាប់នៅកន្លែងកើតហេតុចំនួន ៣នាក់ និង៣នាក់ទៀតបានស្លាប់ជាបន្តបន្ទាប់ក្រោយដឹកដល់មន្ទីរពេទ្យ។

បើតាមការបញ្ជាក់ពីក្រុមមន្រ្តីដែលកំពុងប្រចាំការនៅកន្លែងមណ្ឌលចត្តាឡីស័កខាងលើនេះ បានឲ្យដឹងថា ពលករខ្មែរទាំង ២២នាក់នេះទើបវិលត្រឡប់មកពីប្រទេសថៃ ហើយបានឲ្យពួកគេសម្រាកធ្វើចត្តាឡីស័កនៅមណ្ឌលខាងលើនេះស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ប៉ុន្តែដោយសារតែស្រែកឃ្លាននៅគ្រឿងស្រវឹងពួកគេបាននាំគ្នាយកអាល់កុលមកលាយជាមួយទឹកអូអ៊ិឈិ និងទឹកក្រូចនាំគ្នាផឹក បន្ទាប់ពីអាជ្ញាធរ និងក្រុមគ្រួពេទ្យហាមមិនឲ្យពួកគេយកស្រាចូល។

យ៉ាងណាក៏ដោយ ក្នុងចំណោមពលករខ្មែរទាំង២២នាក់នោះ គឺ៦នាក់បានស្លាប់ ហើយអ្នកផ្សេងទៀតបានកំពុងសង្រ្គោះនៅមណ្ឌលសុខភាពក្រុងប៉ោយប៉ែត មណ្ឌលសុខភាពក្រុងសេរីសោភណ្ឌ និងខ្លះទៀតបានបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប៕

Leave a Reply

Your email address will not be published.