នាយករដ្ឋមន្ដ្រី អនុញ្ញាតឲ្យរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីកិច្ចការនារីអូស្ត្រាលី ចូលជួបពិភាក្សាការងារ

នាយករដ្ឋមន្ដ្រី អនុញ្ញាតឲ្យរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីកិច្ចការនារីអូស្ត្រាលី ចូលជួបពិភាក្សាការងារ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យលោកស្រី ម៉ារីស ផេន (Marise PAYNE) រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីកិច្ចការនារី នៃប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកស្រីម៉ារីស ផេន បានមកបំពេញ ទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាប់ពីថ្ងៃទី៧-៨វិច្ឆិកា ។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកស្រី ចូលជួបសម្តែងការ គួរសមចំពោះ សម្តេចតេជោ និងមានជំនួបទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើកិច្ច សហប្រតិបត្តិការ ទ្វេភាគីក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម រួមទាំងការធ្វើជាប្រធាន អាស៊ាននៅឆ្នាំ២០២២ របស់កម្ពុជាផងដែរ។


ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ លោកស្រី ម៉ារីស ផេន នឹងអញ្ជើញទៅទស្សនាអង្គការ កម្ពុជាដើម្បីជួយស្រ្ដីមានវិបត្តិ ដែលនឹងទទួលស្វាគមន៍ដោយ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការ របស់ លោកស្រី ម៉ារីស ផេន មកកាន់កម្ពុជា នឹងបញ្ជាក់ជាថ្មីនូវការបេ្តជ្ញាចិត្តរបស់អូស្រ្ដាលី ក្នុងការធ្វើការកាន់ តែជិតស្និទ្ធជាមួយ ព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ ៕

Leave a Reply

Your email address will not be published.