បុរសម្នាក់ឆេះស្លាប់ក្នុងរថយន្តដោយមិនដឹងមូលហេតុនៅខណ្ឌព្រែកព្នៅ

 

ភ្នំពេញ ៖ រថយន្តមួយគ្រឿងឆេះសល់តែគ្រោងឆ្អឹង បន្សល់ទុកបុរសម្នាក់ ឆេះខ្លោចស្លាប់ក្នុងរថយន្តដោយមិនទាន់ដឹងមូលហេតុអ្វីឲ្យពិតប្រាកដ។

 

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលត្រូវភ្លើងឆេះម៉ាក

វិស្តូពាក់ស្លាកលេខភ្នំពេញ 2AC-9736។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅកន្លែងកើតហេតុគេឃើញរថយន្តវិស្តូ បត់ក្បាលពីលិចមកកើតធ្លាក់ចូលចិញ្ចើមផ្លូវខាងស្តាំ និងទ្វារខាងស្តាំបើកមួយចំហៀង ហើយប្រអប់លេខរថយន្តជាប់នៅអក្សរ (P) និងមានកូនញញួរមួយនៅក្នុងរថយន្ត ចំណែកសពជនរងគ្រោះឆេះខ្លោចស្លាប់លើកៅអីរថយន្ត ជុំវិញករណីនេះសមត្ថកិច្ចមិនទាន់បានបញ្ជាក់ថា ជាករណីអ្វីពិតប្រាកដនោះទេ ខណ:ពេលនេះសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់គោករកា សហការជាមួយនិងកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌព្រែកព្នៅ កម្លាំងជំនាញចរាចរណ៍ក្រុង និងកម្លាំងជំនាញការិយាល័យកោសល្យវិច័យបច្ចេកទេស ស្នងការនគរបាលរាជធានីភ្នំពេញ កំពុងតែបើកការស្រាវជ្រាវ និងពិនិត្យជុំវិញបរិវេណកន្លែងកើតហេតុ ឲ្យដឹងមូលហេតុពិត នៃការឆេះស្លាប់បុរសនេះ និងកំពុងតែស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ ដើម្បីស្វែងរកក្រុមគ្រួសារសាច់ញាតិ មកទទួលយកសពជនរងគ្រោះ ទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.