មន្ត្រីជាន់ខ្ពស់គ.ជ.ប : រយៈពេល២៥ថ្ងៃ មានប្រជាពលរដ្ឋជាង ២៦ម៉ឺននាក់ទៅចុះឈ្មោះបោះឆ្នោតនិងជិត១៣ម៉ឺននាក់លុបឈ្មោះ

មន្ត្រីជាន់ខ្ពស់គ.ជ.ប : រយៈពេល២៥ថ្ងៃ មានប្រជាពលរដ្ឋជាង ២៦ម៉ឺននាក់ទៅចុះឈ្មោះបោះឆ្នោតនិងជិត១៣ម៉ឺននាក់លុបឈ្មោះ

ភ្នំពេញៈ ចាប់ពីថ្ងៃទី១២ ខែតុលា រហូតមកដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុបមានចំនួន ២៦២,៥៨៥ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុបមានចំនួន ១២៩,១៩៨ នាក់ ។ អ្នកដែលបានកែតម្រូវទិន្នន័យសរុបមានចំនួន ៩១,៨៩៣ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ៧៨,១៥៩ នាក់។ នេះបើតាមការបញ្ជាក់របស់លោកឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញជាមួយភាគីពាក់ព័ន្ធផ្សព្វផ្សាយអំពីសភាពការណ៍ទូទៅ លទ្ធផលបណ្តោះ អាសន្ន និងបញ្ហាប្រឈម ជុំវិញដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកឌុច សុន បានបន្តថា ចំពោះដំណើរការទូទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលា រហូតមកដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ។ ប៉ុន្តែក្នុងដំណើរការចុះឈ្មោះបោះឆ្នោតនេះ ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) បានជួបប្រឈមនឹងបញ្ហាមួយចំនួន។

លោកបានបញ្ជាក់ថា ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតនេះ ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) បានជួបប្រឈមនឹងបញ្ហាមួយចំនួនដូចខាងក្រោម ៖
– សាលាឃុំ សង្កាត់ខ្លះទទួលរងគ្រោះដោយសារទឹកជំនន់ ហើយត្រូវប្តូរការិយាល័យ ចុះឈ្មោះបោះឆ្នោត មកទីតាំងមានសុវត្ថិភាព។
– ក្រុមចុះឈ្មោះបោះឆ្នោតមួយចំនួន ពិបាកក្នុងការចល័តការិយាល័យចុះឈ្មោះតាមភូមិ ដោយសារភ្លៀងធ្លាក់ច្រើន និងផ្លូវពិបាកធ្វើដំណើរផ្លូវរអិល និងផ្លូវលិចទឹក។
– សម្ភារ បរិក្ខារ បម្រើឱ្យការចុះឈ្មោះបោះឆ្នោតមួយចំនួន ខូច គាំង ឬដំណើរការរអាក់ រអួល បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការចុះឈ្មោះបោះឆ្នោតតិចតួច។
– តំបន់ខ្លះមានបញ្ហារអាក់រអួលផ្នែកប្រព័ន្ធអ៊ីនធឺណែត សម្រាប់ការបញ្ជូនទិន្នន័យមក គ.ជ.ប ។
– ប្រជាពលរដ្ឋមួយចំនួនត្រូវជាប់ចត្តាឡីស័ក និងត្រូវសម្រាកព្យាបាលជំងឺកូវីដ-១៩ ហើយ ប្រជាពលរដ្ឋខ្លះខ្លាចជំងឺកូវីដ-១៩ មិនហ៊ានមកធ្វើការចុះឈ្មោះបោះឆ្នោត ។

លោក ឌុច សុន បានបន្តថា ក្រុមប្រឹក្សាឃុំ សង្កាត់ និង គ.ជ.ប ពុំទាន់បានទទួលពាក្យ បណ្តឹងណាមួយទេពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មកដល់ពេលនេះ។
ឯកឧត្តមបានមានប្រសាសន៍ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានគោលដៅសំខាន់ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដោយធ្វើការចុះឈ្មោះបោះឆ្នោតចំពោះអ្នកដែលគ្រប់អាយុ អ្នកដែលមិនទាន់ចុះឈ្មោះបោះឆ្នោតពីមុន និងអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ការកែតម្រូវឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត និងការលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោត ដោយផ្អែកតាមឯកសារសំអាងត្រឹមត្រូវ ច្បាស់លាស់៕

Leave a Reply

Your email address will not be published.