ដំណាំស្រូវព្រោះថ្មី ឬ ស្រូវវស្សាលើកទី២ នៅឃុំបណ្តោយដងស្ទឹងមង្គលបូរី រងផលប៉ះពាល់ ដោយការលិចលង់ពីជំនន់ទឹកភ្លៀង

ខេត្តបន្ទាយមានជ័យ ៖ ដំណាំស្រូវព្រោះថ្មីឬស្រូវវស្សាលើកទី២ នៅឃុំនានាបណ្តោយដងស្ទឹងមង្គលបូរីស្រុកមង្គលបូរីខេត្តបន្ទយមានជ័យបាននឹងកំពុងរងការលិចលង់ ប៉ះពាល់ ប៉ុន្តែមិនទាន់ខូចខាតនៅឡើយ។

លោករ័ត្ន ដាស៊ីណង់អភិបាលស្រុកមង្គលបូរីអោយដឹងនៅថ្ងៃទី២១ខែកញ្ញា ថា ៖ជំនន់ទឹកភ្លៀងនិងទឺកជំនន់ មកទល់ពេលនេះ នៅបន្តហក់ឡើង ហើយចាប់ផ្តើមខ្ជាក់ចេញពីពោះស្ទឹងហើយ ។

ក្នុងនោះបង្កអោយលិចលង់ ប៉ះពាល់ដល់ដំណាំស្រូវវស្សាដែលព្រោះថ្មីឬស្រូវលើកទី២ នៅបណ្តាឃុំបណ្តោយដងស្ទឹងប្រមាណ៣០០ហិចតា ដូចជានៅឃុំសឿ,ជាង១០០ហិចតានៅឃុំចំណោមនិងជាង១០០ហិចតាទៀតនៅឃុំរហាត់ទឹកនិងបត់ត្រង់ ។

សូមរំលឹកថា កាលពីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១ រដ្ឋបាលស្រុកក៏បានចេញប្រកាសព័ត៌មានមួយថា៖ សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកមង្គលបូរី មេត្តាជ្រាបថា ដោយពិនិត្យឃើញថាស្ថានភាពភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃចុងក្រោយនេះនិងស្ថានភាពទឹកហូរធ្លាក់ពីខាងលើតាមបណ្តោយស្ទឹងមង្គលបូរីក្នុងភូមិស្រុកបវេលខេត្តបាត់ដំបងនិងទឹកហូរធ្លាក់ពីស្រុកម៉ាឡៃ ធ្វើអោយើទឹកស្ទឹងមង្គលបូរីមានការហក់ឡើងខ្លាំងនិងអាចបង្កជាផលប៉ះពាល់ដល់អាយុជីវីតមនុស្សសត្វ ផ្ទះសម្បែងនិងផលដំណាំជាដើម ។

លិខិតបានបន្តថា ៖ ហេតុនេះ សូមបងប្អូន ពិសេសពលរដ្ឋរស់នៅបណ្តោយដងស្ទឹងសូមចូលរួមនិងយកចិត្តទុកដាក់ខ្ពស់និងអនុវត្តវិធានការដូចខាងក្រោម ៖ ១/ត្រៀមស្បៀងនិងថ្នាំសង្គូវ។២/ រៀបចំទុកដាក់ឯកសារសំខាន់អោយគង់វង្ស។៣/ត្រៀមមធ្យោបាយទុកដឹកជញ្ជូនឬជន្លៀស។ ៤/ ប្រយ័ត្នក្មែង មនុស្សចាស់លេងទឹក។៥/ ពេលទឹកជន់ឡើងត្រូវបិទចរន្តអគ្គីសនី ប្រយ័ត្នសត្វអសិរពិស៕

Leave a Reply

Your email address will not be published.