កម្លាំងយោធាកងការពារព្រំដែនលេខ៥០៣ ឃាត់ខ្លួនពលករខ្មែរ ចំនួន២៦នាក់ ដែលលួចឆ្លងដែនចូលទៅថៃ តាមរថយន្តផង និងតាមគោយន្តផង

ខេត្តបន្ទាយមានជ័យ ៖ មេខ្យល់និងពលករខំរកវិធីថ្មីដោយប្តូរវិធីឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅថៃ ក្នុងរូបភាពធ្វើជាជិះគោយន្តដូចកសិករទៅស្រែចម្ការ ប៉ុន្តែនៅតែបែកការណ៍ដដែល។

កម្លាំងយោធាកងការពារព្រំដែនលេខ៥០៣ នៃយោធភូមិភាគទី៥ កាលពីថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១ បានធ្វើការបង្ការទប់ស្កាត់ ពលករចំណាកស្រុកទៅប្រទេសថៃ។ ក្នុងនោះស្ទាក់បាន រថយន្តចំនួន០២គ្រឿង និងគោយន្ត០១គ្រឿង ឃាត់អ្នកបើកបររថយន្ត និងគោយន្ត ចំនួន០៣នាក់ ដែលបានដឹកពលករប្រុស.ស្រីចំនួន២៦នាក់បម្រុងឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើ។

លោក វរសេនីយ៍ទោ លេ លឿត មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣ បន្ទាយនៅភ្នំស្លក្រាមស្រុកស្វាយចេកបានឲ្យដឹងថា ៖ ការទប់ស្កាត់ពលករទាំងនេះមានចំនួន០២លើក គឺនៅចំណុច TA(70351.32628) ផ្លូវបំបែកវិស្វកម្ម និងផ្លូវតែហាំង ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លើកទី១ឃាត់បានចំនួន១៦នាក់/ស្រី០៩ ក្នុងនោះកុមា០១នាក់ រថយន្ត០២គ្រឿង ម៉ាកកាម៉ារីពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 2A-0206 ម្ចាស់រត់គេចខ្លួនបាត់ និងរថយន្តម៉ាកកាម៉ារីពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម 2A-0521 ឃាត់បានម្ចាស់02នាក់ប្តី ប្រពន្ធ។

លោកមេបញ្ជាការង បានបន្តថា៖ លើក០២នៅយប់ថ្ងៃដដែល ទប់ស្កាត់បានពលករ១០នាក់/ស្រី២នាក់ ក្នុងនោះកុមារ០១ នាក់ដែលលួចជិះតាមគោយន្តបន្លំធ្វើដូចអ្នកស្រុកស្រែចម្ការ និងឃាត់បានម្ចាស់គោយន្ត០១នាក់។

សមត្ថកិច្ចដដែលបានឲ្យដឹងថា ចំពោះពលករប្រុស.ស្រី ទាំង២៦នាក់បញ្ជូនពួកគាត់ទៅក្រុមការងារចម្រុះចាំទទួលពលករនៅច្រកអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីពិនិត្យសុខភាពរកជំងឺកូវីដ-19។

រីឯម្ចាស់រថយន្ត ម្ចាស់គោយន្ត ទាំង០៣នាក់ រួមទាំងរថយន្តត្រូវបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តចាត់ការបន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *