អភិបាលខេត្តកណ្តាល ដាក់ឱសានវាទរយៈពេល១០ថ្ងៃ ឈ្នួញមានអំណាចជាប៉ូលីសរកស៊ីរណ្តៅដី និងការដ្ឋានខ្សាច់ ត្រូវធ្វើផ្លូវដូចដើមឡើងវិញជូនប្រជាពលរដ្ឋ

ខេត្តកណ្តាល ៖ ទីបំផុតជម្លោះដីផ្លូវសមូហភាពប្រជាពលរដ្ឋ ១៣០គ្រួសារ ក្នុងស្រុកកៀនស្វាយ ជាមួយឈ្នួញមានអំណាច ជាមន្ត្រីប៉ូលិស រកស៊ីរណ្តៅដី ត្រូវបានអភិបាលខេត្តកណ្តាល សម្រេចឲ្យប្រជាពលរដ្ឋឈ្នះ និងទុកពេលឲ្យ១០ថ្ងៃ ដើម្បីធ្វើផ្លូវដូចដើមឡើងវិញជូនប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋចំនួន ១៣០គ្រួសារ រស់នៅភូមិឈើទាល២ ភូមិស្រែអំពិល និងភូមិព្រែកស្វាយ នៃឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានលើកគ្នាមកកាន់សាលាខេត្តកណ្តាល ដើម្បីស្នើសុំការជួយអន្តរាគមន៍ ពីឯកឧត្ត គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ករណីមេឈ្មួញអណ្តៅដី ឈ្មោះ ចាន់ វិទូ ជាមន្ត្រីប៉ូលីស មានឋានន្តរស័ក្កិ វរសេនីយ៍ត្រី (ស័ក្កិ៤ អត្តលេខ ៧៨៣៧៨) មានតួនាទីជំនួយការសម្តេចក្រឡាហោម ស ខេង និងបានយកឈ្មោះ ឯកឧត្តម យឹម លៀង មកប្រើគំរាមកំហែង ជីកផ្តាច់ផ្លូវសាធារណៈរបស់រដ្ឋ ដើម្បីជាប្រយោជន៍របស់ខ្លួន។

លោក កូវ ផាន់នី ប្រជាពលរដ្ឋម្នាក់ ក្នុងចំណោលប្រជាពលរដ្ឋទាំង១៣០គ្រួសារ បានប្រាប់ថា លោក ចាន់ វិទូ ថៅកែរណ្តៅដី និងការដ្ឋានខ្សាច់ បានយកគ្រឿងចក្រ មកជីកផ្តាច់ផ្លូវពលរដ្ឋដែលមានទំហំទទឹង ៧ម៉ែត្រ និងបណ្តោយ៦៥០ម៉ែត្រ យកអាចម៌ដីលក់ ដោយសំអាងថា ពលរដ្ឋធ្វើផ្លូវលើដីរបស់ខ្លួន។

តំណាងពលរដ្ឋរូបនេះបានប្រាប់ថា ផ្លូវដែលលោក ចាន់ វិទូ ជីកផ្តាច់ និងកាយយកអាចម៌ដីលក់នោះ ជាផ្លូវចាស់ ដែលពលរដ្ឋមានដីនៅអមសងខាងផ្លូវ បានបរិច្ចាកដីរបស់ខ្លួន ដើម្បីពង្រីកផ្លូវទំហំទទឹង ៧ម៉ែត្រ និងបណ្តោយ៦៥០ម៉ែត្រ បានធ្វើដំណើរស្រួល ខ្ពស់ផុតពីទឹក ទៅរកត្រី បេះបន្លែ សម្រាប់អាស្រ័យផល និងការចូលទៅទីគោរពបូជា លោកតាម្ចាស់ស្រុកជាដើម។

លោក កូវ ផាន់នី ថា ក្រោយឈ្មោះ ចាន់ វិទូ កាយផ្លូវផ្តាច់ហើយ មិនអនុញ្ញត្តឱ្យពលរដ្ឋធ្វើដំណើរចេញចូលឡើយ ទើបពួកគាត់ ជាប្រជាពលរដ្ឋ កើតទុក្ខមិនសុខចិត្ត លើកគ្នាតវ៉ាជាបន្តបន្ទាប់នៅទីតាំងដីជាក់ស្តែង នៅសាលាឃុំ សាលាស្រុកកៀនស្វាយ និងនៅថ្ងៃនេះ មានការតវ៉ាមុខសាលាខេត្តកណ្តាល ដើម្បីស្នើសុំអភិបាលខេត្ត លោកជួយពលរដ្ឋ បានផ្លូវរួមភូមិបុរាណមួយនេះ យកមកប្រើប្រាស់ជាប្រយោជន៍រួមវិញ។

តំណាងពលរដ្ឋខាងលើបន្តទៀតថា ក្រោយស្តាប់ក្តីកង្វល់របស់ពលរដ្ឋ ដោយគ្មានចង់បានអ្វីក្រៅតែផ្លូវ បានធ្វើដំណើរឡើងវិញនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានសម្រេច ចាត់ក្រុមការងារជំនាញ និងដាក់ឱសានវាទរយៈពេល១០ថ្ងៃ ឱ្យលោកស័ក្តិ៤ ចាន់ វិទូ មេឈ្នួញរណ្តៅដី និងការដ្ឋាខ្សាច់ ត្រូវធ្វើផ្លូវដូចដើមឡើងវិញជូនប្រជាពលរដ្ឋ។

សូមជម្រាបថា ករណីវិវាទដីផ្លូវសមូហភាព របស់ពលរដ្ឋ ១៣០គ្រួសារ ជាមួយមេឈ្មួញរណ្តៅដី និងការដ្ឋានខ្សាច់ លោកស័ក្កិ៤ រូបនេះបានកើតឡើងកាលពីអំឡុងឆ្នាំ២០២០ រហូតដល់ថ្ងៃនេះទើបលោកអភិបាលខេត្តកណ្តាល សម្រេចឲ្យប្រជាពលរដ្ឋឈ្នះ។ ជាងនេះទៅទៀត លោកស័ក្កិ៤ មេឈ្មួញរណ្តៅដី និងការដ្ឋានខ្សាច់មានប្រវត្តិមិនល្អជាច្រើន ក្នុងនោះកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបញ្ជាឲ្យចូលខ្លួន នៅនាយកដ្ឋានកណ្តាលសន្តិសុខ នៃក្រសួងមហាផ្ទៃ ក្នុងសំណុំរឿងព្រម្មទណ្ឌ បទក្លែងបន្លំ ម្តងរួចទៅហើយផងដែរ៕

Leave a Reply

Your email address will not be published.