អាជីវករលក់សាច់ជ្រូកតាមផ្សារ នៅតែរអ៊ូពីតម្លៃសាច់ជ្រូកឡើងថ្លៃមិនចុះ និងអំពាវនាវដល់ក្រសួងពាក់ព័ន្ធដោះស្រាយជាបន្ទាន់ កុំឲ្យពលរដ្ឋរងគ្រោះតទៅទៀត

ភ្នំពេញ៖ បញ្ហាតំលៃសាច់ជ្រូកនៅលើទីផ្សារនៅតែថ្លៃ ដែលធ្វើអោយអ្នកលក់ពិបាកលក់ដូរ ចំណែកអ្នកទទួលទានប្រឈមខ្លាំង ក្នុងការទិញសាច់ជ្រូក យកមកទទួលទាន ធ្វើអោយពួកគាត់បែរក្លាយខ្លួនទៅជាជនរងគ្រោះ ព្រោះសាច់ជ្រូកថ្លៃ។

ការឡើងថ្លៃមិនចុះនេះបានធ្វើអោយប្រជាពលរដ្ឋ មានចម្ងល់យ៉ាងខ្លាំងថា តើអ្នកណានៅពីក្រោយខ្នងបញ្ហានេះ ហើយអ្នកណាជាអ្នកទទួលផលពិតប្រាកដ?

ស្ត្រីដែលជាអាជីវករ លក់សាច់ជ្រូក នៅផ្សារត្រីអូរឬស្សីម្នាក់ បានរៀបរាប់អោយដឹងថា៖ មិនដឹងថាមូលហេតុអ្វីបានជា តំលៃសាច់ជ្រូកនាពេលបច្ចុប្បន្ននេះ នៅតែមានតំលៃថ្លៃ ធ្វើអោយការលក់ដូរសព្វថ្ងៃ ជួបប្រទះនូវបញ្ហាជាច្រើន ធ្វើអោយអ្នកទិញធ្លាក់ចុះបរិមាណ អ្នកដែលធ្លាប់ទិញច្រើនពីមុនបែរជាទិញតិចតួច។

ស្ត្រីរូបនេះនិយាយថា កាលពីមុនតំលៃសាច់ជ្រូកមានតំលៃសមរម្យ អាចលក់បានជ្រូកពី៥ក្បាល ទៅ៦ក្បាល ពី៥០០គីឡូក្រាមទៅ៦០០គីឡូក្រាម តាមជ្រូកធំ ជ្រូកតូច ប៉ុន្តែបច្ចុប្បន្នផ្ទុយគ្នាដាច់ស្រឡះសាច់ជ្រូករឹតតែថ្លៃជាងមុនស្ទើរគុណនឹងពីរ ធ្វើអោយការលក់ដូរមានការពិបាកខ្លាំងលក់មិនដាច់ទៀត។

ស្រ្តីជាអាជីវករខាងលើបន្តថា៖ ដោយសារតែសាច់ជ្រូកថ្លៃ ទើបអ្នកទិញធ្លាក់ចុះ ពីមុនសាច់សុទ្ធតំលៃត្រឹមតែ២ម៉ឺនរៀលជាងទេ ក្នុងមួយគីឡូក្រាម តែឥឡូវសាច់សុទ្ធមួយគីឡូក្រាម មានតំលៃតហូតដល់៣ម៉ឺនរៀល។ ចំណែកសាច់បីជាន់ ពីមុនលក់ត្រឹមតែ២ម៉ឺនរៀល ប៉ុន្តែឥឡូវសាច់បីជាន់មួយគីឡូក្រាមតំលៃ ២៥០០០រៀលឯណោះ។ កត្តាតំលៃទាំងនេះហើយ ដែលធ្វើអោយអាជីវករគ្រប់រូប ជួបការលំបាកក្នុងការលក់ដូរ ព្រោះវាថ្លៃពេក គ្មានអ្នកទិញហូបទេ។

ស្រ្តីជាអាជីវកររូបនេះ ក៏សូមសំណូមពរ ដល់អស់លោកក្រសួងដែលពាក់ព័ន្ធ មេត្តាជួយធ្វើយ៉ាងណាអោយតំលៃជ្រូកចុះថោកផង បើសាច់ជ្រូកនៅតែថ្លៃបែបនេះ ធ្វើអោយពិបាកទាំងអស់គ្នាទាំងអ្នកលក់ក៏ជួបការលំបាក រីឯអ្នកទិញហូបក៏ជួបបញ្ហាដែរ។

ចំណែកអ្នកស្រី រស់ រី ក៏ជាអាជីវករលក់សាច់ជ្រូកក៏បានត្អូញត្អែរថា តំលៃសាច់ជ្រូកសព្វថ្ងៃថ្លៃណាស់ខុសពីមុន អង្គុយលក់មួយព្រឹក លក់បានសាច់ជ្រូកមិនដល់១០គីឡូផង ហើយបើសាច់ជ្រូកថ្លៃបែបនេះ តើអោយអ្នកលក់រស់នៅបែបណា?

បញ្ហាសាច់ជ្រូកឡើងថ្លៃនេះ ខាងសារព័ត៌មានក្នុងស្រុកជាច្រើន បានចុះផ្សាយយ៉ាងព្រោងព្រាត តែនៅតែមិនមានដំណោះស្រាយណាបានសមរម្យសោះ គឺឃើញមានតែការបកស្រាយ ចុះបកស្រាយឡើងចុងក្រោយអត់អាចធ្វើអោយសាច់ជ្រូកចុះ មកប្រហាក់ប្រហែលនឹងប្រទេសជិតខាងបានសោះ តម្លៃជ្រូករស់នាំចូលយកមកលក់នៅប្រទេសកម្ពុជា មានតម្លៃខ្ពស់ជាងប្រទេស វៀតណាម ភូមា និងឡាវរហូតដល់ទៅ៤០០០រៀលក្នុងមួយគីឡូក្រាមឯណោះកក្តានេះ ក្រសួងជំនាញអោយនាំចូល គួរតែពិភាក្សាគ្នាជាមួយឈ្មួញនាំចូល អោយបានច្បាស់លាស់ កុំអោយប្រជាពលរដ្ឋក្លាយជាជនរងគ្រោះដោយមិនដឹងខ្លួន។

ប្រភពព័ត៌មានពីមន្ត្រីព្រំដែនថៃបានឲ្យដឹងថា ថ្ងៃនេះមានការផ្គត់ផ្គង់ការនាំចូលជ្រូករស់ពីសំណាក់ក្រុមហ៊ុនថៃចំនួន២ ចូលមកកម្ពុជាមានចំនួន ៩៦០ក្បាល ច្រើនជាងរាល់ដង ដែលរាល់ដងត្រឹមតែ៤០០-៦០០ក្បាល មកដល់ក្រុមហ៊ុននាំចូលក្នុងស្រុក ដែលទទួលបានគោលការណ៍អនុញ្ញាតអោយនាំចូលស្របច្បាប់ ពីក្រសួងកសិកកម្ម៕

Leave a Reply

Your email address will not be published.