គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម

ភ្នំពេញ ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ Zoom ដែលដឹកនាំដោយ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការរងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា រួមទាំងមានការចូលរួម អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា និងលោកនាយក/លោកស្រីនាយិកាក្រុមហ៊ុនកាស៊ីណូ ទូទាំងប្រទេសបានចូលរួមក្នុងកិច្ចប្រជុំ។

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ៖ ដើម្បីរត់តាមស្ថានភាពនៃការកើនឡើងនូវសកម្មភាព ក្នុងវិស័យល្បែងពាណិជ្ជកម្មនេះ រាជរដ្ឋាភិបាល បានជំរុញឱ្យមានការគ្រប់គ្រងវិស័យល្បែងនេះប្រកបដោយស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់ ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាពនិងសន្តិសុខសង្គម។ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលត្រូវបានដាក់ឱ្យប្រើប្រាស់កន្លងមកជាហូរហែររួមមាន៖ ច្បាប់បង្ក្រាបល្បែងស៊ីសង សេចក្ដីសម្រេច និងសារាចរណែនាំរបស់រាជរដ្ឋាភិបាល ប្រកាសអន្តរក្រសួង និងសៀវភៅបន្ទុក ជាដើម។ល។

ដោយមើលឃើញពីភាពខ្វះចន្លោះ ក៏ដូចជាដើម្បីបង្គ្រប់សមាសធាតុក្នុងក្របខ័ណ្ឌទិដ្ឋភាពច្បាប់ ឱ្យមានលក្ខណៈពេញលេញ និងសុគតិភាព ដើម្បីធានានូវការគ្រប់គ្រង និងជំរុញវិស័យមណ្ឌលល្បែងពាណិជ្ជកម្ម សមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដំណើរការបានកាន់តែមានតម្លាភាព និងប្រសិទ្ធភាព ដោយជ្រកក្រោម ដំបូលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពេញលេញជាធរមាន។

ឯកឧត្តមអគ្គលេខាធិការ បន្តទៀតថាដើម្បីឆ្លើយតបទៅនិងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានរៀបចំតាក់តែងឡើង និងទទួលបានការអនុម័ត កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ និងព្រឹទ្ធសភាបាន ពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំ ពេញអង្គលើកទី៦ នីតិកាលទី៤ និងត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១២០/ ០៣១ ចុះថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២០។

ច្បាប់នេះ បានអនុញ្ញាតឱ្យមានការគ្រប់គ្រងលើវិស័យកាស៊ីណូ និងល្បែងពាណិជ្ជកម្មដទៃទៀតប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមរយៈការកំណត់ចំនួនទុនវិនិយោគអប្បបរមា សម្រាប់អាជីវកម្មកាស៊ីណូ ការកំណត់តំបន់ដែលគួរអនុញ្ញាតឱ្យមានល្បែងពាណិជ្ជកម្ម ឬមិនគួរអនុញ្ញាត ការពង្រឹងសមត្ថភាពស្ថាប័ន និងការបំពាក់នូវបច្ចេកវិទ្យាសមស្របក្នុងការត្រួតពិនិត្យជាប្រចាំ លើកិច្ចដំណើរការ របស់ប្រតិបត្តិករល្បែងពាណិជ្ជកម្ម ជាដើម។

ការផ្សារភ្ជាប់ជាមួយច្បាប់ខាងលើនេះ បានបើកផ្លូវឱ្យមានការរៀបចំអនុក្រឹត្យស្តីពីការកំណត់ដើម ទុនអប្បបរមាសម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូ និងចូលជាធរមាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដើម្បី កំណត់នូវដើមទុនអប្បបរមាសម្រាប់ប្រតិបត្តិការល្បែងកាស៊ីណូនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការរង គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានថ្លែងថា នេះជាការបើកកិច្ចប្រជុំផ្សព្វផ្សាយលើកដំបូង របស់កម្ពុជាពីការដាក់អោយដំណើរការនៃច្បាប់ ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ពាក់ព័ន្ធនិងល្បែងគ្រប់ប្រភេទ ហើយគោលបំណង នៃការបង្កើតច្បាប់នេះ ដើម្បីពង្រឹង សមត្ថិភាព សមត្ថកិច្ច ពង្រឹងឯកសារគតិយុត្តិ អោយមានសុគតិភាព តម្លាភាព និងយុត្តិធម៌៕

Leave a Reply

Your email address will not be published.