នគរបាលក្រុងប៉ោយប៉ែតបង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ ចំនួន០៣នាក់ និងដកហូតវត្ថុតាងមួយចំនួន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ ចំនួន០៣នាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បន្ទាប់ពីរកឃើញថ្នាំញៀនលាក់ទុកក្នុងប្រអប់ទូរស័ព្ទដៃ។

ការឃាត់ខ្លួនវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលក្នុងបរិវេណរោងចក្រអូរនាង ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ជនសង្ស័យទាំង០៣នាក់ មានឈ្មោះ ១/-ឈ្មោះ ភាព សូផាវ៉ាន់ ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រយាដារ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរ មិនប្រាកដ,២/-ឈ្មោះ ស៊ី តូច ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ,៣/-ឈ្មោះ ចោម សុឃា ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលរោងចក្រ ភូមិអូរឬស្សី សង្កាត់ ផ្សារកណ្តាល មុខរបរកម្មកររោងចក្រ។

លោកអធិការបានបញ្ជាក់ថា៖នៅវេលាខាងលើកម្លាំងប៉ុស្តិ៍ផ្សារកណ្តាលបានល្បាតទៅដល់ចំនុចបន្ទប់ជួលរោងចក្រអូរនាងដូចទីតាំងខាងលើ កម្លាំងប៉ុស្តិ៍បានឃើញជនសង្ស័យចំនួន០៣នាក់ កំពុងឈរនៅមុខបន្ទប់ជួល។

ដោយជាប់អង្កេតសង្ស័យ កម្លាំងប៉ុស្តិ៍ បានសុំធ្វើការត្រួតពិនិត្យទៅលើពួកគេ ពេលនោះឈ្មោះ ភាព សុផាវ៉ាន់ ភេទប្រុស បានយកប្រអប់ដាក់ទូរស័ព្ទបោះចោលទៅព្រៃមុខបន្ទប់។
កម្លាំងប៉ុស្តិ៍បានឆែកនៅក្នុងប្រអប់នោះមានថ្នាំញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ ជញ្ជីងថ្លឹងថ្នាំចំនួន០១ នឹងថង់ច្រកថ្នាំមួយចំនួន។

អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោកកើត សុវណ្ណារ៉េត លោកវរសេនីយ៍សៅ សារឿន បានអោយដឹងថា៖ កម្លាំងនគរបាលប៉ុត្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាល បាននាំខ្លួនជនសង្ស័យនិងវត្ថុតាងមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសួរនាំ។

ជនសង្ស័យ ឈ្មោះភាព សុផាវ៉ាន់ បានសារភាពថាថ្នាំញៀនទាំងនេះ គេបាន ទិញពីឈ្មោះ តាក់។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យនិងមានវត្ថុតាងជាក់ស្តែង កម្លាំងនរបាលជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Leave a Reply

Your email address will not be published.