ជិះម៉ូតូលឿនពេកមិនប្រយ័ត្ន ដួលខ្លួនឯងរបួសធ្ងន់ ត្រូវបាននគរបាលព្រំដែនវរៈ៨០៧ ជួយសង្គ្រោះ

ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន មិនប្រយ័ត្ន បណ្តាលអោយដួលខ្លួនឯង របួសធ្ងន់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ជួយសង្គ្រោះ ដឹកទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៧និង១០នាទីយប់ថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៨A(ផ្លូវក្រវ៉ាត់ព្រំដែន) ស្ថិតក្នុងភូមិសាស្ត្រ ភូមិអូរកំបុតឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលខាងលើបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ធំ រឹទ្ធី ភេទប្រុសអាយុ ២៥ ឆ្នាំ រស់នៅភូមិបឹងតាស្រី ឃុំគោរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាក Kawasaki ស៊េរីឆ្នាំ ២០១៦ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនមិនមានពាក់មួកសុវត្ថិភាព ។

នគរបាលបានបន្តថា៖ពេលបើកទៅដល់ចំណុចកើតហេតុចម្ងាយពីភូមិអូរកំបុតប្រហែល៣០០ម៉ែត្រ ម៉ូតូបានបែកកង់មុខ បណ្ដាលឲ្យម៉ូតូដួល ហើយជនរងគ្រោះបោកទៅនឹងថ្នល់រងរបួសធ្ងន់ផ្នែកក្បាល ។

ខណៈនោះ មន្ត្រីនគរបាលបានដឹង ហើយយករថយន្តរបស់អង្គភាពនគរបាលការពារព្រំដែនគោកវរៈសេនាតូចលេខ៨០៧ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួកភ្លាមៗដែរ ៕

Leave a Reply

Your email address will not be published.