ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ពីរប្រភេទ ត្រូវបានប្រកាសចែកចាយ សម្រាប់សាធារណជន

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង របស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្តីពី ការចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ពីរប្រភេទ សម្រាប់សាធារណជន។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងបើកទូលាយចែកចាយឧបករណ៍ តេស្តរហ័សជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន នូវឧបករណ៍តេស្តរហ័សពីរប្រភេទដូចខាងក្រោម៖

១. ឧបករណ៍តេស្ដរហ័សអង់ទីហ្សែនកូវីដ-១៩ SD Biosensor (Standard Q) ផលិតនៅប្រទេសកូរ៉េ ១ប្រអប់ មាន២៥ឧបករណ៍តស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ៣,៧ ដុល្លារអាម៉េរិក (ត្បារយកសំណាកពីក្នុង រន្ធច្រមុះ)។

២ . ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Healgen Antigen Rapid Test ផលិតនៅប្រទេសចិន ១ប្រអប់មាន២០ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ២ ដុល្លារអាម៉េរិក (ត្បារយកសំណាកពីក្នុងរន្ធច្រមុះ)។

ដូចនេះ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជនអាចបញ្ជាទិញឧបករណ៍តេស្តចាប់ពី ១ប្រអប់ឡើងទៅ ដោយចូលទៅកាន់ប្រព័ន្ធ ស្វ័យប្រវត្តិកម្ម ដែលមានតំណភ្ជាប់ mptc.gov.kh/rt ឬ អញ្ជើញមកទិញដោយផ្ទាល់នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ៕

Leave a Reply

Your email address will not be published.