មណ្ឌលជីវីតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ ៖ អ្នកបន្សាបសារធាតុញៀន ៦០១នាក់ឆ្លងកូវីដ១៩ ក្រុមចម្រុះប្រតិបត្តិការដឹកទៅព្យាបាលនៅខាងក្រៅ

បន្ទាយមានជ័យ ៖ អ្នកបន្សាបសារធាតុញៀនចំនួន៦០១នាក់ / ស្រី៣០នាក់លើចំនួនសរុប ៦៦០នាក់បានឆ្លងជម្ងឺកូវីដ១៩ នៅមណ្ឌលជីវីតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យដឹកយកទៅមណ្ឌលព្យាបាលតាឡាក់ កនរុងប៉ោយប៉ែត ។

ប្រតិបត្តិការបានធ្វើនាថ្ងៃទី១៨ខែសីហាឆ្នាំ២០២១ ដែលដឹកនាំផ្ទាល់ដោយលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ខេត្តនិងចូលរួមដោយលោកឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាខេត្ត លោកភា ម៉ានិត អនុប្រធានមន្ទូរនិងជាប្រធានមណ្ឌលជីវីតថ្មីភ្នំបាក់ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ប្រធានពន្ធនាគារខេត្ត លោកឧត្តមសេនីយ៍ត្រីស្នងការរង ទទួលផែននានា លោកហឹុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណនិងក្រុមការងារ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីអាជ្ញាធរ ជំនាញនិងគ្រូពេទ្យ ។

លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាខេត្តបន្ទាយមានជ័យបានប្រាប់ថា ៖ ក្នុងមណ្ឌលនេះ មានមន្ត្រីនគរបាលម្នាក់និងមន្ត្រីមន្ទីរម្នាក់មានវិជ្ជមានកូវីដ១៩ ។
តមក ដោយមានការសង្ស័យនៅថ្ងៃទី១៦ខែសីហាឆ្នាំ២០២១ គ្រូពេទ្យជួរមុខបានមកយកសំណាកក្នុងមណ្ឌល។

ក្នុងនោះមន្ត្រីសមត្ថកិច្ចនិងជំនាញអវិជ្ជមានចំនួន៨០នាក់។ ប៉ុន្តែអ្នកបន្សាបសារធាតុញៀនចំនួន៦០១នាក់/ស្រី៣០នាក់ លើអ្នកបន្សាបសរុប៦៦០នាក់ មានវិជ្ជមានកូវីដ១៩ ។

លោកបានបន្តថា ៖ ចំពោះមុខ ក្រុមការងារបានញែកបំបែកអ្នកអវិជ្ជមានចេញទៅបន្ទប់នៃអគារផ្សេងក្នុងមណ្ឌល ។

ក្នុងនោះមានអ្នកបន្សាបគ្រឿងញៀន៥០នាក់បានរឡើងរបងនិងទម្លុះទ្វារចេញពីមណ្ឌល ។ ប៉ុន្តែត្រូវកម្លាំងចម្រុះចាប់បានវិញ នៅក្រោយពេលបន្ទិចចំនួន៤៧នាក់ និង៣នាក់ទៀត ត្រូវបានស្រាវឃើញនិងចាប់មកវិញបន្តបន្ទាប់។

ចំណែកលោកអ៊ុ រាត្រី អភិបាលខេត្តនិងមន្ត្រីក្រុមការងារខាងលើបានសម្របសម្រួលជាមួយថ្នាក់លើ ស្ថាប័នអយ្យការនិងតុលាការខេត្ត មន្ទីរសុខាភិបាល មណ្ឌលជីវិតថ្មីនិងមណ្ឌលព្យបាល ដឹកអ្នកបន្សាបសារធាតុញៀនដែលវិជ្ជមានដូចខាងលើតាមរថយន្តកងទ័ពនៃអាវុធហត្ថខេត្ត នគរបាលខេត្ត ពន្ធនាគារខេត្តទៅកាន់មណ្ឌលព្យាបាលជម្ងឺកូវីដ១៩ តាឡាក់នៅក្រុងប៉ោយប៉ែតពីរសៀលរហូតដល់ល្ងាចថ្ងៃទី១៨ខែសីហា។ ដោយថ្ងៃដំបូងនេះ ដឹកចំនួន២០០នាក់សិន៕

Leave a Reply

Your email address will not be published.