សាងសង់ខុសបច្ចេកទេស បាក់រលំប្លង់សេអគារ ផ្ទះសំណាក់កម្ពស់៦ជាន់ របួស០៣នាក់ នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ ការបាក់រលំប្លង់សេអគារផ្ទះសំណាក់កម្ពស់៦ជាន់ មួយកន្លែងកំពុងសាងសង់នៅចំណុចស្រះសួគ៌ ភូមិអូរជ្រៅសង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មន្ត្រីសមត្ថកិច្ចសន្និដ្ឋានបឋមថា មូលហេតុមកពីសាងសង់ខុសបច្ចេកទេស ក្នុងនោះ ចន្ទល់ទម្រប្លង់សេ វែងៗពេក ហើយវាយោល ញ័រ ពេលទ្រទម្ងន់ស៊ីម៉ងត៍ចាក់ប្លងសេធ្ងន់ និងបុកពីរថយន្តក្រឡុកផង វាក៏គ្រេចទើបបណ្តាលអោយបាក់រលំ។

លោកវរសេនីយ៍សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថា ៖ កាលពីម៉ោង១០ព្រឹកថ្ងៃទី៧ខែសីហាឆ្នាំ២០២១ មានហេតុការណ៍បាក់ប្លង់សេអគារកំពង់សាងសង់ស្ថិតនៅចំនុចស្រះសួគ៍ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ម្ចាស់អគារឈ្មោះយឹម គឹមអៀង អាយុ៤០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបន្តថា អគារកំពុងសាងសង់ដែលបង្កឧបទ្ទហេតុនោះ មានទទឹង១២មបណ្តោយ១៦ម កំពុងចាក់ប្លង់សេជាន់ទី១ បណ្តាលអោយបាក់ធ្លាក់។

ក្នុងនោះបណ្តាលអោយគ្រោះថ្នាក់មនុស្ស៖ទី១ /ឈ្មោះនី ស្រីនិច អាយុ១៩ឆ្នាំភេទស្រី ជនជាតិខ្មែរ ជាកម្មករសំណង់ ស្នាក់នៅភូមិអូរជ្រៅសង្កាត់/ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ របួសបាក់ជើងខាងស្តាំ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកអគារថ្មីភូមិអូរជ្រៅ និង២នាក់ទៀត របួសស្រាល។ មូលហេតុបឋមដែលមន្ត្រីសមត្ថកិច្ចនិងអាជ្ញាធរសន្និដ្ឋាន គឺការសាងសង់ខុសលក្ខណៈបច្ចេកទេស។

លោកឡុង វុធ អនុប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យបានដឹងនៅថ្ងៃទី៧ ខែសីហាថា៖ ករណីនេះលោកនិងមន្ត្រីបាននឹងចុះទៅទីកើតហេតុដើម្បីពិនិត្យនិងរកមូលហេតុដេលបាក់រលំប្កង់សេអគារនោះ។ យោងឯកសារ សំណង់នោះមានច្បាប់អនុញ្ញាតិសាងសង់ដែលស្នើត្រឹមការិយាល័យច្រកចេញ ចូលតែមួយនៃសាលាក្រុងប៉ោយប៉ែត។

ប៉ុន្តែការវិភាគលើការសម្ភាសន៍ មន្ត្រីជំនាញសន្និដ្ឋានបឋមថា មូលហេតុបាក់រលំប្កង់សេអគារំពុងសាងសង់នោះ អាចបណ្តាលមកពីករណីបច្ចេកទេសគឺចន្ទល់ទម្រប្លងសេវែងៗពេក ហើយវាយោល ញ័រ នៅពេលវាទ្រទម្ងន់ស៊ីម៉ងត៍ចាក់ប្លងសេធ្ងន់និងបាញ់ពីរយន្តក្រឡុកស៊ីម៉ងត៍ផង វាក៏គ្រេចទើបបណ្តាលអោយបាក់រលំ។ សំណង់នេះត្រូវផ្អាកបណ្តោះអាសន្ន រង់ចាំការសម្រេចពីជំនាញនិងអាជ្ញាធរពា់ព័ន្ធ។

ប្រភពមួយទៀតថា ៖ ខុសបច្ចេកទេសសាងសង់មួយទៀត គឺពេលចាក់ប្លង់សេនោះ ជាងមិនបានចាក់ធ្នឹមមុននោះឡើយ គឺទើបតែព្រមគ្នាជាមួយប្លង់សេតែម្តង។ ហេតុនេះទើបណ្តាលអោយប្លង់សេបាក់ធ្លាក់។

លោកវរសេនីយ៍ព្រំ ពិសិដ្ឋ អធិការរងទទួលផ្នែកព្រហ្មទ័ណ្ឌក្រុងប៉ោយប៉ែត បានអោយដឹងនៅថ្ងៃទី៧ ខែសីហាថា ៖ កម្មការិនី ដែលរងរបួស ក្រោយពេលបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី គ្រាន់តែរបួសគ្រាំខ្លាំងប៉ុណ្ណោះ ជើងនាងមិនបាក់ទេ។ ចំណែកម្ចាស់សំណង់និងមេការក៏មិនត្រូវបានឃាត់ខ្លួនដែរ៕

Leave a Reply

Your email address will not be published.