អុញនោះ! ករណីជាមួយសុខ រ៉ាស៊ី មិនទាន់ចប់ផង ផលិតករម្នាក់ទៀតទម្លាយរឿងប្រាក់ជាមួយលោក អ៊ិន សុភិន ថែមទៀត

ភ្នំពេញ៖ ធ្វើឲ្យកក្រើកផ្អើលពេញចង្កោមអ្នកសិល្បៈ និងមហាជនជាថ្មី ទៀតហើយក្រោយពីលោក រ៉េមមី ហ៊ូ ដែលគេស្គាល់ថាជាអ្នកច្នៃម៉ូដ និងជាអ្នកដឹកនាំរឿងបានទម្លាយរឿងរ៉ាវប្រាក់កាក់មួយចំនួនពីការផលិតភាពយន្តដែលលោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សមិនទាន់បានទូទាត់អស់រយៈពេលជិត២ឆ្នាំមកហើយ។ ការទម្លាយករណីថ្មីនេះបានធ្វើឡើងបន្ទាប់ពីរឿងរ៉ាវចម្រូងចម្រាសរឿងប្រាក់កាសជាមួយលោក សុខ រ៉ាស៊ី នៅមិនទាន់បានដោះស្រាយចប់សប់គ្រប់ផង។

មុននេះមានការចាប់អារម្មណ៍ខ្លាំងទៅលើករណីរបស់លោកសុខ រ៉ាស៊ី រហូតអ្នកនាង ផូ ភារ័ត្ន ដែលជាភរិយារបស់លោក រ៉េមមី ហ៊ូ បញ្ចេញសារចាក់ដោតមួយចំនួន និងចែករំលែកអំពីព័ត៌មានទាក់ទិននឹងលោកសុខរ៉ាស៊ី និងលោក អ៊ិន សុភិន ដោយនាងបានទាំងភ្ជាប់នូវខ្លឹមសារសំណេរថា កម្មពាមិនចាំជាតិក្រោយទេនេះជា Style ដដែលៗដែលគាត់ធ្លាប់ប្រើជាមួយអ្នកទន់ខ្សោយរួមទាំងខ្ញុំ ។ អ្នកដឹងបានដឹង។

ខណៈដែលសារមួយទៀតដែលត្រូវបានបង្ហាញភ្ជាប់ដោយរូបថតអ្នកនាង និងស្វាមីគឺមានខ្លឹមសារថាថាពីរឆ្នាំហើយដែលនាងនិងស្វាមីអត់ធ្មត់ យោគយល់ និងរងចាំដំណោះស្រាយរឿងលុយកាក់ប៉ុន្តែមិនមានលទ្ធផល ផ្ទុយមកវិញគឺថែមទាំងមានការជេរប្រមាថមើលងាយនាងនិងគ្រួសារថែមទៀតផងដែរនាងពិបាកនឹងទទួលយកបាន។ ទោះជាយ៉ាងណាពេលនេះបានលាតត្រដាងហើយអ្វីដែលនៅពីក្រោយការបញ្ចេញសារនេះគឺជារឿងដែលជាប់ពាក់ព័ន្ធទៅនឹងការចេញផលិតភាពយន្តសម្រាប់ផលិតកម្មមហាហង្សនោះតែម្ត។

មានការទម្លាយថាអ្នកដឹកនាំរឿង និងជាអ្នកច្នៃម៉ូដល្បីមួយរូបនៅសហរដ្ឋអាមេរិក និងកម្ពុជាគឺលោក រ៉េមមី ហ៊ូ និងភរិយា បាន ជាមនុស្សរាប់អាន និងធ្វើការជាមួយគ្នារាប់ឆ្នាំ និងមានភាពជិតស្និទ្ធថែមទៀតផង ហើយតាមរយៈទំនាក់ទំនងនេះ លោក ក៏បានព្រមព្រៀងធ្វើការងារមួយចំនួនជាមួយផលិតកម្មមហាហង្សដើម្បីផលិតភាពយន្ត ដែលការផលិតនេះបានចាប់ផ្តើមឡើងក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៩មកម្ល៉េះ។

ប្រភពថា ភាពយន្តនេះសុរបចំនួន៣រឿងជាភាពយន្តដុំ ដែលក្នុងនោះលោកមានកាតព្វកិច្ចជាអ្នកដឹកនាំរឿង ចំណែកភរិយារបស់លោកឈ្មោះ អ្នកនាង ផូ ភារ័ត្ន ជាជំនួយការដឹកនាំរឿង។ ក្នុងនេះដែរ រ៉េមី គឺជាអ្នកឈរឈ្មោះក្នុងធ្វើកិច្ចសន្យា ជាមួយខាងផលិតកម្មដែលមានលោក អូន ឧស្សាហ៍ ជានាយកគ្រប់គ្រងទូទៅ ធ្វើជាតំណាង។

យោងទៅតាមតាមខ្លឹមសារនៅក្នុងកិច្ចសន្យា លោក រ៉េមមី ហូ និងភរិយា ផូ ភារត្ន័ ក៏បានបញ្ជាក់ថា ក្រុមហ៊ុន ត្រូវកក់ប្រាក់ ៥០% មុនចុះថត ហើយក្រុមហ៊ុនក៏បានកក់រួចហើយដែរ។ ក្រៅពីនេះ ពេលដឹកនាំថតបាន៥០ភាគរយនៃសាច់រឿង ក្រុមហ៊ុនត្រូវបង់ប្រាក់៣០ភាគរយបន្ថែមទៀត លុះបញ្ចប់ការងារដឹកនាំថតចប់ជាស្ថាពរ ទើបក្រុមហ៊ុនត្រូវបង់ប្រាក់២០ភាគរយបញ្ចប់គម្រប់១០០ភាគរយ។ប៉ុន្តែជាមួយគ្នានោះ អ្នកដឹកនាំក៏ត្រូវមានតួនាទីទៅមើល ការកាត់តឲ្យចប់ដែរ ទើបមានសិទ្ធក្នុងការទទួលប្រាក់២០%ចុងក្រោយនេះ។ តាមអ្នកដឹកនាំរឿង ២នាក់ប្ដីប្រពន្ធ បានបញ្ជាក់ថា ក្រោយថតចប់ ពួកគេក៏បានទៅមើលការកាត់តបាន២រឿង នៅសល់១រឿង។ ដល់ត្រឹមនេះ លោក រ៉េមមី បានស្នើសុំទូទាត់ទឹកប្រាក់៣០%ទាំងបីរឿង តាមកិច្ចសន្យា ដើម្បីយកមកដោះស្រាយលើការចំណាយផ្សេងៗប៉ុន្តែលោក និងភរិយា មិនទទួលបានអ្វីទាំងអស់ ដោយលោក អ៊ិន សុភិន បានយកលេសនេះលេសនោះ ដើម្បីគេចវេសរហូតមកដល់សព្វថ្ងៃនេះ។ មានការបញ្ជាក់ដែរថា ប្រាក់ដែលនៅមិនទាន់ទូទាត់ប្រាក់ថ្លៃពលកម្មរបស់លោក និងភរិយា សរុបចំនួន ៥០% ស្នើនឹងទឹកប្រាក់ជិត ៥០០០ដុល្លារទៀត ហើយកន្លងមកលោកនិងភរិយាយល់ព្រមឲ្យផលិតកម្មទូទាត់ឲ្យ ទោះបីរំលស់២០០ដុល្លារ ៣០០ដុល្លារ រឺ៥០០ដុល្លារ ក៏បានដែរ ប៉ុន្តែពួកគេមិនទទួលបានដំណោះស្រាយណាមួយលើទឹកប្រាក់នៅសល់មកដល់បច្ចុប្បន្ន។

ជុំវិញការចោទប្រកាន់នេះដែរ លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស ប្រាប់ថា លោកមិនចង់តតាំងជាមួយពួកគេទាំងពីរទេដោយលោកបានលើកឡើងថា លោក រ៉េមី មិនបានធ្វើការចប់ស្រេចបាច់ឲ្យលោកនោះ។

ជុំវិញការលើកឡើងរបស់លោក អ៊ិន សុភិន អ្នកនាង ផូ ភារ័ត្ន ដែលជាជំនួយការ និងជាភរិយរបស់លោក រ៉េមី ហ៊ូ បានបញ្ជាក់ថារឿងទាំង៣ អ្នកនាង និងស្វាមី បានបញ្ចប់ការដឹកនាំ និងមើលការកាត់តចប់ស្រេចបាច់ចំនួន ២រឿងហើយ។ ដូច្នេះហើយ អ្នកនាងថា គួរតែមានការទូទាត់ព្រោះ រឿងទាំង៣ដែលអ្នកនាង និងស្វាមីទទួលដឹក គឺធ្វើកុងត្រាផ្សេងគ្នាទេ។

អ្នកនាងថា ក្រុមហ៊ុនមហាង្សបានព្រមពៀងកក់ ៥០% បន្ទាប់ពីចុះកុងត្រាជាមួយគ្នា។ ដំណាក់កាលទី២ ក្រុមហ៊ុននឹងត្រូវបន្ថែមប្រាក់កក់ ៣០% ទៀតក្រោយពីដឹកនាំថតចប់។ ដោយឡែក ២០% នៅសល់ គឺនឹងត្រូវផ្ដល់ជូនអ្នកដឹកនាំ ដែលជាភាគី “ខ” នៅក្រោយបញ្ចប់ការមើលត្រួតពិនិត្យលើដំណើរការកាត់តរួចរាល់ជាស្ថាពរ។តាមលក្ខខណ្ឌនេះ អ្នកនាង ភារ័ត្ន បញ្ជាក់ថា អ្នកនាង និងស្វាមី គួរត្រូវបានទទួលការទូទាត់ ៥០% បន្ថែមសម្រាប់ ២រឿងដែលអ្នកនាង បានបញ្ចប់ការងារជាស្ថាពរហើយ។ ប៉ុន្តែដោយសារមិនមានការទូទាត់ថ្លៃពលកម្មរបស់អ្នកនាង និងស្វាមីចំពោះរឿង ២ នោះ ទើបអ្នកនាង និងស្វាមី មិនមានកម្លាំងចិត្តទៅបំពេញការងារបន្ថែមទៀតសម្រាប់១រឿងដែលនៅសល់។ គេនៅមិនទាន់បានដឹងនៅឡើយទេថាតើករណីនេះនឹងត្រូវដោះស្រាយបន្តទៀតយ៉ាងដូចម្តេច ខណៈដែលមុននេះលោក សុខ រ៉ាស៊ី បានបង្ហាញមុខនៅក្នុងសាលាដំបូងរាជធានីភ្នំពេញហើយ ទំនងជាការចូលខ្លួនដើម្បីដាក់ពាក្យបណ្តឹងជាផ្លូវការក្រោយពីការសម្របសម្រួលក្រៅរបងតុលាការ២លើកមិនបានសម្រេចនោះ៕

Leave a Reply

Your email address will not be published.