ផ្ទុះជម្ងឺ ដុំពក លើស្បែកសត្វគោ ក្របី ពេទ្យសត្វថា គ្មានថ្នាំព្យបាលទេ

ខេត្តបន្ទាយមានជ័យ ៖ សត្វគោ ក្របីនៅក្នុងស្រុក បានផ្ទុះនូវការចេញរោគសញ្ញាដុំពកលើស្បែក ជុំវិញខ្លួនយ៉ាងច្រើនក្នុងពេលជិត២ខែមកហើយនៅខេត្តបន្ទាយមានជ័យ ក៏ដូចខេត្តនានា។

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោកហ៊ុយ ទូចប្រធានការិយាល័យផលិតកម្មនិងបសុពេទ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបន្ទាយមានជ័យនិងមន្ត្រីជំនាញព្រមទាំងភ្នាក់ងារពេទ្យសត្វភូមិ លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុក ព្រមទាំងមន្ត្រីអាជ្ញាធរភូមិ/ឃុំ កងកម្លាំង បានចុះពិនិត្យជាក់ស្តែង ដល់ផ្ទះប្រជាកសិករមានគោ ក្របីកើតជំងឺដុំពកស្បែក ជុំវិញខ្លួននេះនៅឃុំភ្នំដី ស្រុកភ្នំស្រុក។

បើតាមលោកហ៊ុយ ទូច អោយដឹងថា សត្វគោដែលឆ្លងជំងឺនេះ ភាគច្រើន ឆ្លងតាមសត្វល្អិត ដូចជាមូស រុយ ឫ ដង្កូវ ដែលមាននៅក្នុងក្រោលគោ និងតាមរយៈការនាំគោ ក្របីដែលមានជំងឺ ពីតំបន់ផ្សេងៗ អាចឆ្លងតាមរយៈការស៊ីចំណីនិងផឹកទឹក រួមគ្នា និងពីទឹកដោះ ការបង្កាត់ពូជ ការព្យាបាល (មិនដូរម្ជុល)រីការប៉ះពាល់ផ្ទាល់។

អំពីជម្ងឺនេះ លោកប្រធានពេទ្យសត្វខេត្ត បានស្នើសុំ ក៏ដូចជាណែនាំប្រជាពលរដ្ឋឬកសិករម្ចាស់សត្វគោ ក្របី កើតជំងឺដុំពកលើស្បែកនេះ គឺពុំទាន់មានថ្នាំព្យាបាលអោយជា ឬក៏គ្មានវ៉ាក់សាំងណាដែលមានប្រសិទ្ឋភាពសម្រាប់ចាក់បង្ការការពារនៅឡើយ។ ជម្ងឺនេះកើតឡើងតាមរដូវកាល។

លោកបន្ថែមថា ប៉ុន្តែចំពោះមុខ បងប្អូនប្រជាកសិករអាចពិនិត្យតាមដានសុខភាពសត្វគោ ក្របីជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេលផ្ទុះជំងឺ ឫនៅក្នុងតំបន់ដែលមានហានិភ័យនៃជំងឺ។
ក្នុងនោះត្រូវធ្វការលាងសំអាត ធ្វើអនាម័យសត្វនិងកន្លែងដែលវារស់នៅនិងរកចំណី។ ករណីមានសង្ស័យ ត្រូវរាយការណ៍ជាបន្ទាន់ដល់ភ្នាក់ងារបសុពេទ្យដែលនៅជិតបំផុត ឬតាមរយៈតាមលេខទូរសព្ទ័ 012952518 ដើម្បីទាក់ទងឆ្លើយតបបន្ទាន់។

ប៉ុន្តែកសិករម្ចាស់សត្វគោនៅឃុំគោករមៀតស្រុកថ្មពួកនិងនៅឃុំសឹង្ហស្រុកអូរជ្រៅ បានប្រាប់ថា ៖ ជម្ងឺសើស្បែកដុំឬពងលើស្បែកសត្វគោ ក្របីដែលផ្ទុះឡើង២ខែមកនេះ គឺឆ្លងពីសត្វគោនៅប្រទេសថៃ ហើយជម្ងឺនេះបានឆ្លងពីគោពូជឥណ្ឌា៕

Leave a Reply

Your email address will not be published.