ទីតាំង internet វីអេ 2888 សង្ស័យបង្កប់ល្បែងស៊ីសង នៅច្រកចូលវត្តពោធិញាណ កំពុងបើកលេងទាំងយប់ទាំងថ្ងៃ ទោះអំឡុងពេលជំងឺកូវីដ-១៩ កំពុងរីករាលដាល

ភ្នំពេញ ៖ ទោះបីរាជរដ្ឋាភិបាលក៏ដូចជា ក្រសួងសុខាភិបាលកំពុងយកចិត្តទុកដាក់ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅក្នុងប្រទេសកម្ពុជា និងចេញសេចក្ដី ជូនដំណឹងស្ដីពីការផ្អាកការជួបជុំ មួយចំនួនដើម្បីបង្ការការឆ្លងនៃជំងឺដ៏កាចសាហាវនេះក្ដី តែផ្ទុយទៅវិញទីតាំងយីហោ វី អេ 2888 នៅច្រកចូលវត្តពោធិញាណ តាមផ្លូវបេតុង ក្នុងសង្កាត់បឹងទំពុង១ ខណ្ឌមានជ័យ បានបើកដំណើរការទទួលអ្នកញៀនល្បែង ប្រមូលផ្ដុំគ្នាទាំងយប់ទាំងថ្ងៃ 24hលើ24h ដែលងាយនឹងបង្កហានិភ័យយ៉ាងខ្លាំង ក្នុងការឆ្លងជំងឺកូវីដ-១៩ ដោយទីតាំងនេះមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ មិនត្រឹមតែ មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទេ ថែមទាំងបំពានសេចក្ដីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញទៀតផង។

ដូច្នេះហើយ សូមអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច ខណ្ឌមានជ័យ ជួយចុះពិនិត្យនិងបង្ក្រាបទីតាំង internet (វី អេ 2888) ខាងលើនេះផង ដើម្បីចូលរួមការពារឆ្លងជំងឺកូវីដ១៩ ដែលកំពុងវាយលុយចូលក្នុងសហគមន៍នាពេលបច្ចុប្បន្ននេះ។

គួរបញ្ជាក់ផងដែរថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុចដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព ពីព្រោះការដែលកើតមានល្បែងស៊ីសងនេះគឺជាដើមចមនៃអំពើហឹង្សា ចោរឆក់ ចោរលួច ចោរប្លន់ បង្កអសន្តិនៅក្នុងមូលដ្ឋានសង្គម និងប្រទេសជាតិយើង៕

Leave a Reply

Your email address will not be published.