បបួលគ្នាទៅវាយ បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ យកទ្រព្យសម្បត្តិ និងយកម៉ូតូទៅបញ្ចាំ ត្រូវអាវុធហត្ថឃាត់ខ្លួនទាំង០២នាក់

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ០២នាក់ ត្រូវបានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន បន្ទាប់ពីបាននាំគ្នា ទៅវាយបុរសជនជាតិឥណ្ឌូនេស៊ី ម្នាក់ យកទ្រព្យសម្បត្តិ និងយកម៉ូតូទៅបញ្ចាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានអោយដឹងថ្ងៃទី១៣ខែកក្កដាថា ៖ ជនសង្ស័យទាំង០២នាក់ ឈ្មោះ មិច បារាំង អាយុ២៦ឆ្នាំ និងឈ្មោះ ទី គឹមតា អាយុ២២ឆ្នាំ រស់នៅនៅចំណុចផ្សារយួន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ចំណែកជនរងគ្រោះ ជាជនជាតិឥណ្ឌូណេស៊ី ក្រោកពីសន្លប់ រត់ទៅដាក់ពាក្យប្តឹងអាវុធហត្ថតែម្តង។

លោកបញ្ជាក់ឲ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ រូស ស្លាន់ (RUS LAL) អាយុ៣៤ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារយុត្តិធម៌បានបញ្ជាក់ថា ៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ទើបកម្លាំងបានចាប់ខ្លួនជនសង្ស័យជនសង្ស័យ ទាំង២នាក់។ កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕

Leave a Reply

Your email address will not be published.