សមត្ថកិច្ចចម្រុះ នៅក្រុងសិរីសោភ័ណ ចុះត្រួតពិនិត្យ ដំណើរការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩

ខេត្តបន្ទាយមានជ័យ ៖ មេបញ្ជាការ ស្នងការនៃកម្លាំង៣ប្រភេទ ចុះត្រួតពិនិត្យ ដំណើរការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ នៅក្រុងសិរីសោភ័ណ កាលពីព្រឹកថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមនឹងលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់ គោលដៅធ្វើចត្តាឡីស័កប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ យោធភូមិភាគទី៥ លោកឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ បានអញ្ជើញបន្តចុះត្រួតពិនិត្យលើទីតាំងចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋចំនួនពីរទីតាំង ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បើយោងលោកឧត្តមសេនីយ៍ត្រី បោន បិន គឺ១/ ទីតាំងចាក់វ៉ាក់សាំងសង្កាត់ម្កាក់ ដែលបានប្រើប្រាសកន្លែងចាក់វ៉ាក់សាំងលើរថយន្តធំចល័តរបសយោធភូមិភាគទី៥ និង២/ ទីតាំងចាក់វ៉ាក់សាំងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យនាសង្កាត់អូរអបិលផងដែរ។

ចំណែកលោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានប្រាបនាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ពេលលោកនិងក្រុមការងារបានអមដំណើរលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទយមានជ័យនិងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ចុះពិនិត្យ វាយតម្លៃលើវឌ្ឍនភាពនៃដំណើរការចាក់វ៉ាក់សាំងជូនពលរដ្ឋតាមគោលដៅនានាក្នុងក្រុងនេះដែរ។

លោកបានបន្តថា ថ្ងៃដំបូងនៃយុទ្ធនាការគឺថ្ងៃទី១០ខែកក្កដា ដំណើរការចាក់វ៉ាក់សាំងដោយគ្រូពេទ្យចំណុះយោធភូមិទី៥និងសម្របសម្រួល សហការដោយកងកម្លាំងទាំង៣ប្រភេទ មន្ត្រីក្រុមការងារចុះជួយមូលដ្ឋាន មន្ត្រីអាជ្ញាធរ យុវជនសសយកនិងយុវជនចម្រុះ ប្រជាការពារ …គឺជាង៩.០០០នាក់។ ថ្ងៃទី២បាន ១៥ ៨៩៧ នាក់។ និងថ្ងៃទី ៣ បាន ១៧ ៣៩៤ នាក់។ សរុបជាង៤ម៉ឺននាក់លើគម្រោងជាង៥៥.០០០នាក់។

ជាការវាយតម្លៃ ក្រុមការងារគ្រប់ផ្នែកបាននឹងកំពុងបំពេញការងារនេះបានលទ្ធផល មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ។ ទីតាំងយុទ្ធនាការលើកទី២ ចាក់វ៉ាក់សាំងជូនពលរដ្ឋនៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យបានកើនដល់៦កន្លែង គឺនៅសង្កាត់ម្កាក់១កន្លែងនិងនៅសង្កាត់ភ្នៀត ១កន្លែងទៀត។ ដូច្នេះដំណើរការនេះនឹងបញ្ចប់មុនកំណត់ ដែលគ្រោងធ្វើដល់ទៅ២សប្តាហ៍នោះ៕

Leave a Reply

Your email address will not be published.