ម្ចាស់ផ្សារតាយ៉ាវសុំបិទខ្ទប់មុនផ្ទុះកូវីដ១៩ ក្រោយបិទខ្ទប់ផ្សារមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖ ម្ចាស់ផ្សារតាយ៉ាវឬផ្សារមង្គលបូរីថ្មីក៏សុំបិទខ្ទប់អោយហើយស្រេចមុនផ្ទុះកូវីដ១៩ បើទោះបីជាអាជីវករបានចូលមកកកកុញ។ ពោលគឺក្រោយពេលបិទខ្ទប់ ផ្សារមង្គលបូរី នាភូមិឬស្សីក្រោក ឃុំស្រីក្រោក ស្រុកមង្គលបូរី កាលពីពាក់កណ្តាលសប្តាហ៍នេះ។

ពោលគឺក្រោយពីអាជីវករផ្សារមង្គលបូរីម្នាក់និងភរិយា មានអាក្ការៈមិនប្រក្រតី ហើយទៅផ្តល់សំណាក ហើយរកឃើញវិជ្ជមានកូវីដ១៩ កាលពីរសៀលថ្ងៃទី៦និងព្រឹកថ្ងៃទី៨ខែកក្កដា ។
បុរសអាជីវករនោះ បានឆ្លងកូវីដ១៩ ពីករណីផ្ទុះកូវីដ១៩ នៅខារ៉ាអូខេ ភោជនីយដ្ឋាន និងសណ្ឋាគាររុងរឿងនាក្រុងសិរីសោភ័ណកាលពីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១។ អ្នកប៉ះពាល់ ពាក់ព័ន្ធបានទៅងោយគ្រូពេទ្យយកសំណាក ហើយរកឃើញវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ ហើយមកទល់ថ្ងៃទី១០ខែកក្កដា បានកើនដល់ជិត៤០នាក់ហើយ។ រដ្ឋបាលស្រុកមង្គលបូរីបិទខ្ទប់ផ្សារមង្គលបូរីរយៈពេល១៤ថ្ងៃពីថ្ងៃទី១៤ខែកក្កដាមក។

លោកពិន សេងហាប់ អភិបាលរងស្រុកមង្គលបូរីប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី៩ខែកក្កដាថា៖ ករណីនេះ ម្ចាស់ផ្សារមង្គលបូរីថ្មីឬផ្សារតាយ៉ាវ គាត់ក៏បារម្ភខ្លាំងដូចអាជ្ញាធរមានសមត្ថកិច្ចយើងដែរពីលទ្ធភាពនៃការឆ្លងរីករាលដាលជមកងឺកូវីដ ១៩ ហើយក៏សុំបិទខ្ទប់តែម្តងទៅ។ នោះមកពីគាត់ យល់ថា ផ្សារមង្គលបូរីជិតខាងនៅទីរួមស្រុក មានមនុស្សច្រើនអ៊ូរអរ ហើយផ្ទុះនូវជម្ងឺកូវីដ១៩។ ដូច្នេះ បើផ្សារមង្គលបូរីឬផ្សារតាយ៉ាវនៅបើក ក៏គង់នឹងមានហានីយភ័យករណីនេះដែរ។

ហេតុនេះម្ចាស់ផ្សារផ្ទាល់តែម្តងបានសុំការអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ចដើម្បីបិទខ្ទប់ផ្សារ។ ប៉ុន្តែ គេសង្កេតឃើញអាជីវករ ពិសេសអ្នកលក់ម្ហូបអាហារ និងរបស់ប្រើប្រាសបាននាំទៅលក់ដូររាយប៉ាយនៅខាងក្រៅរោងផ្សារ ឬតាមចិញ្ចើមផ្លូវ។

លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីអោយដឹងកាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២១ ថា៖ អាជីវករលក់ដូរ នៅផ្សារមង្គលបូរី ត្រូវបានរកឃើញអ្នកផ្ទុក COVID ចំនូនជាង៣០នាក់នាក់។ហើយចេះតែបន្តរកឃើញបន្ថែមទៀត។ ហើយនៅឃំសឿនិងឃុំចំណោមក្នុងស្រុកនេះដែរ ក៏បានផ្ទុះករណីកូវីដ១៩ ដែលឆ្លងពីសហគមន៍ផ្សេង រួមមានពីពលរដ្ឋនៅភូមិរង្វានលិចឃុំចំណោម បានទៅលេងបងប្អូននៅខេត្តឧត្តរមានជ័យហើយឆ្លងពីនោះមក ផងដែរ។

សរុបប៉ុន្មានថ្ងៃថ្មីៗនេះ នៅស្រុកមង្គលបូរីមានករណីវិជ្ជមានកូវីដ១៩ រាយប៉ាយជាង៦០នាក់ហើយ។ អាជីវករធ្លាប់លក់ដូរនៅផ្សារមង្គលបូរីថ្មីឬផ្សារតាយ៉វ មួយចំនួនក៏ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ដែរ។ អាជ្ញាធរស្រុកបន្តអំពាវនាវអោយអ្នកប៉ះពាល់ផ្ទាល់នឹងអ្នកជម្ងឺត្រូវតែចេញមកផ្តល់សំណាករកមេរោគកូវីដ១៩ ។

ក្នុងនោះ ទីតាំងយកសំណាកបានប្តូរពីនៅវត្តឬស្សីក្រោក ទៅនៅរួមជាមួយនឹងកន្លែងយកសំណាកនៅក្នុងមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរីតែម្តង៕

Leave a Reply

Your email address will not be published.