ប្រកាសបើកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនពលរដ្ឋ ចំនួន០៤សង្កាត់ ក្នុងក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ ៖ សង្កាត់ចំនួន០៤ នៅក្រុងសិរីសោភ័ណ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ពីថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២១ ហើយនឹងធ្វើរយៈពេល២សប្តាហ៍គិតពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២១ តទៅ។

អញ្ជើញបើកប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ ដែលអន្តរាគមន៍ដោយក្រុមគ្រូពេទ្យយោធាចំណុះយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ២០២១ រួមមានលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ លោកឧត្តមសេនីយ៍ឯកផាន់ សាមន្ថា នាយរងសេនាធិការចម្រុះ ទទួលទិសសយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងជារនាយសេនាធិការយោធភូមិភាគទី៥ ជាប្រធានក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារកូវីដ១៩ ជាដើម។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រសាសន៍ថា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់នូវវ៉ាក់សាំងសម្រាប់ចាក់ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃនិងប្រជាពលរដ្ឋទូទាំងប្រទេស។

បើទោះបីជាបងប្អូនបានធ្វើការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ហើយក្ដី ក៏បងប្អូនត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងអនុវត្តវិធាន ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

ក្នុងនាមរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ លោកអ៊ុ រាត្រី សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ។

សូមបញ្ជាក់ថា ផែនការយុទ្ធនាកាតចាក់វ៉ាក់លើកទី២ ក្នុងក្រុងសិរីសោភ័ណនេះសម្រាប់ប្រជាពលរដ្ឋជាង៥០,០០០នាក់ លើ៤សង្កាត់ ក្នុងប្រជុំជនក្រុង ដោយក្នុង១សង្កាត់មានទីតាំងចាក់វ៉ាក់សាំងចំនួន២កន្លែង។ ទី១/ សម្រាប់ពលរដ្ឋនៅសង្កាត់ទឹកថ្លា ត្រូវទទួលការចាក់វ៉ាកសាំងនៅទីតាំងសាលាបឋមសិក្សាគាប។និងទីតាំងតំបន់ប្រតិបត្តិនារសឹករងខេត្ត(យោធាខេត្ត) ។២/ សង្កាត់អូរអំបិល នៅទីតាំងសាលាបឋមសិក្សាគោរដ្ឋាននិងទីតាំងតំបន់ប្រតិបត្តិនារសឹករងខេត្ត(យោធាខេត្ត។ ទី៣/ សង្កាត់ព្រះពន្លា នៅទីតាំងវត្តសមាធិ ភូមិ៤ និងនៅវិទ្យាល័យពុទ្ធកៈសម្តេចធម្មពោធិសាលជា ស៊ីម នាវត្តស្វាយចាស់ ភូមិ១ និង ទី៤/ សង្កាត់កំពង់ស្វាយ នៅទីតាំងសាលាបឋមសិក្សាហ៊ុនសែនសូភីភូមិសូភីនិងនៅសាលាបឋមសិក្សាប៉ោយសូភី ភូមិ២ ។

មន្ត្រី និងថ្នាក់ដឹកនាំ ក៏បានអញ្ជើញចុះពិនិត្យដំណើរការនៃយុទ្ធនាការនេះ តាមទីតាំងចាក់វ៉ាក់សាំងទាំង៨ទីតាំង៕

Leave a Reply

Your email address will not be published. Required fields are marked *