ពិតជាមិនខ្លាចកូវីដមែន! សង្វៀនជល់មាន់មួយកន្លែងទៀតហើយ នៅក្នុងខណ្ឌមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ កំពុងបើកលេងយ៉ាងសប្បាយ

ភ្នំពេញ ៖ មើលទៅពិតជាមិនខ្លាចកូវីដមែន ទើបក្រុមអ្នកញៀនល្បែងជល់មាន់ បានប្រមូលផ្តុំគ្នា បង្កើតជាសង្វៀន ជល់មាន់ ក្នុងឃ្លាំងមួយកន្លែង ស្ថិតនៅផ្លូវលេខ៣៧១ខាងក្រោយក្លឹបកីឡា All STARS FC ក្នុងភូមិឬស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងតែបើកលេងយ៉ាងសប្បាយ មិនគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាលនោះទេ ទោះបីជាក្នុងអំឡុងពេលកូវីដ-19 ក៏ដោយ។

តាមប្រភពបានអោយដឹងថា ទីតាំងជល់មាន់ខាងលើនេះ សមត្ថកិច្ចមូលដ្ឋាន ក៏មិនអាចដឹងបានដែរ ដោយសារតែម្ចាស់ទីតាំង គាត់មានការឈ្លាសវៃបំភាន់ភ្នែកសមត្ថកិច្ច ដោយបិទទ្វារចាក់សោរពីខាងក្នុង ហើយពួកគេទំនាក់ទំនងគ្នា តាមទូរស័ព្ទ ខណៈពេលដែលក្រុមញៀនល្បែង ដឹកមាន់មកជល់ ទើបម្ចាស់សង្វៀន ចាក់សោរបើកទ្វារឲ្យចូលទៅខាងក្នុង អីចឹងហើយបានជាសមត្ថកិច្ចមូលដ្ឋាន អត់ដឹងថា មានល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់គាត់។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះដែរ បានស្នើសុំ លោកអភិបាលខណ្ឌមានជ័យ និងលោកអធិការខណ្ឌ ព្រមជាមួយអាជ្ញាធរមូលដ្ឋានក្នុងភូមិសាស្រ្តនេះ មានចំណាត់ការចំពោះតាំងល្បែងខាងលើ ដែលបើកផ្គើនទៅនឹងច្បាប់ដែលបានកំណត់។

ប្រជាពលរដ្ឋក៏បានលើកឡើងទៀតថា នៅក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ជាពិសេសគឺនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ គឺមានទីតាំងល្បែងស៊ីសងជាច្រើនកំពុងបើកដំណើរការយ៉ាងរលូន ដែលបញ្ហាល្បែងស៊ីសងនេះបង្កឲ្យមានករណីចោរលួច ចោរឆក់ និងចោរប្លន់ជាបន្តបន្ទាប់ផងដែរ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ អ្នកលក់ដូរផ្លែឈើមួយរូប ត្រូវចោរឆក់កាបូបលុយ តែមិនបានសម្រេច ខណះជនរងគ្រោះជិះម៉ូតូទៅទិញផ្លែឈើ យកមកទុកលក់ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចជិតស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ស្រី ម៉ៅ ភេទស្រី អាយុ២៤ឆ្នាំ ជាអ្នកលក់ផ្លែឈើ នៅផ្សារបុរីចំការដូង ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើត ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1P-8373 ចំណែកជនសង្ស័យ ជិះម៉ូតូម៉ាកនិច មិនចាំពណ៌ មិនចាំស្លាកលេខ ជិះឌុបគ្នា២នាក់បានបើករត់បាត់។

នារីរងគ្រោះនិយាយថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូម្នាក់ឯង ដូចសព្វដងចេញពីផ្ទះ ទៅទិញផ្លែឈើ នៅផ្សារនាគមាស ខណះមកដល់ចំណុច កើតហេតុ ស្រាប់តែមាន មនុស្ស២នាក់ជិះម៉ូតូមកពីក្រោយ ធ្វើសកម្មភាពឆក់កាបូបលុយ តែមិនបានសម្រេច បណ្ដាលឲ្យគាត់ដួល រងរបួសរលាត់ដៃជើង ហើយពួកវាជិះម៉ូតូគេចខ្លួនបាត់ទៅ៕

Leave a Reply

Your email address will not be published.