ជនជាតិចិនជាម្ចាស់តោ បានទៅទទួលតោវិញជាមួយនឹងក្ដីនឹករលឹក និងអរគុណសម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទនេះ ជនជាតិចិនដែលជាម្ចាស់តោបានទៅទទួលតោ ពីភ្នំតាម៉ៅវិញដោយក្ដីនឹករលឹក ខណៈដែលមហាជន និងម្ចាស់តោក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោ ដែលបានយោគយល់ និងអនុគ្រោះអោយតោទៅម្ចាស់ដើមវិញ កាលពីយប់ថ្ងៃទី៤ខែកក្កដា ម្សិលមិញនេះ។

ជាមួយរូបភាព តោរត់អោបម្ចាស់ដោយនឹករលឹក ដែលត្រូវអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម បង្ហោះផ្សាយជាបន្តបន្ទាប់ យោងតាមហ្វេសបុក ដែលមានឈ្មោះថា Qi Xiao ដែលគេដឹងថា ជាម្ចាស់តោ​បានឱ្យដឹងថា ជាបឋមលោកបានសូមថ្លែងអំណរគុណ យ៉ាងខ្ពង់ខ្ពស់ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។

លោកក៏សូមអរគុណ«ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែល នឹងពុកម៉ែបងប្អូនប្រជាជនកម្ពុជាទាំងអស់ ដែលបានជួយនិងគាំទ្រដល់«ហ៊ីម៉ា» របស់យើងខ្ញុំផងដែរ ធ្វើអោយខ្ញុំបាទរស់នៅក្នុងប្រទេសកម្ពុជា យ៉ាងមានអារម្មណ៍កក់ក្តៅ ជាចុងក្រោយសុំជូនពរអោយកម្ពុជា និងចិនជាមិត្តដែកថែបជារៀងរហូត»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យម្ចាស់សត្វតោ យកសត្វតោទៅចិញ្ចឹមនៅផ្ទះវិញ ក៏ប៉ុន្តែក្នុងលក្ខខ័ណ្ឌធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះនិងអ្នករស់នៅជិតខាង។

កាលពីយប់ថ្ងៃទី៤ កក្កដា តាមរយៈសារក្នុងហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានសរសេរថា«ក្រោយក្តាប់បានរឿងសត្វតោ។ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញ ក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ អរគុណបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានផ្តល់យោបល់ និងអាណិតដល់សត្វតោ»៕

 

Leave a Reply

Your email address will not be published.