ស្ត្រីអ្នកធ្វើនំបញ្ចុក ម្នាក់ ត្រូវជនបែកថ្នាំ ទាញកាំបិតខ្វែវ កាប់របួសធ្ងន់

ខេត្តបន្ទាយមានជ័យ ៖ បុរស់ម្នាក់ សង្ស័យបែកថ្នាំ បានយកកាំបិតខ្វែវ កាប់លើស្ត្រីម្នាក់កំពុងអង្គុយធ្វើទឹកនំបញ្ចុកជាមួយអ្នកភូមិ ជាច្រើនកាំបិត បណ្តាលរងរបួសជាធ្ងន់។ ហេតុការណ៍នេះ បង្កអោយមានភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២១ នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលព្រហ្មទណ្ឌស្រុកថ្មពួកបានឲ្យដឹង នៅព្រឹកថ្ងៃទី៤ ខែកក្កដាថា៖ ជនរងគ្រោះ ឈ្មោះ ហឿង សៃនាវ អាយុ៥៨ឆ្នាំ រស់នៅភូមិឃុំកន្លែងកើតហេតុ។ ចំណែកជនដៃដល់ឈ្មោះស្វឿង ប៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្បែរខាងនៃភូមិ ឃុំជាមួយគ្នា។

នគរបាលបានបន្តថា ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយធ្វើទឹកនំបញ្ចុកហូប ជាលក្ខណៈគ្រួសារ ជាមួយបងប្អូនក្នុងភូមិ៥នាក់ទៀត ស្រាប់តែ ឈ្មោះស្វឿង ប៉ុង បានកាន់កាំបិតខ្វែវ ដើរតម្រង់ចូលមកកាប់ទាំងកម្រោលលើអ្នកដែលកំពុងធ្វើទឹកនំនិងចិតបន្លែនំបញ្ចុក រត់ចែកជើងគ្នាអោយផុតពីមុខកាំបិត។ ស្ត្រីជនរងគ្រោះ ខំរត់ដែរ ប៉ុន្តែដោយវ័យចំណាស់ផង ហើយត្រូចជំពប់និងដុំថ្ម ក៏ដួល ទើបជនល្មើសតាមទាន់កាប់ចិញ្ច្រាំត្រូវជាច្រើនកាំបិតត្រង់ជើងដៃទាំងសងខាង និងដងខ្លួន រងរបួសធ្ងន់។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក។ តែដោយរបួសធ្ងន់ធ្ងរពេក បានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។

ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍និងកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក តាមដេញចាប់បានភ្លាមៗ ដើម្បីរៀបចកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

Leave a Reply

Your email address will not be published.