សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សបប្រជាជនកម្ពុជា ផ្ញើលិខិតជូនឯកឧត្តមស៊ី ជីនភីង អបអរសាទរខួបលើកទី ១០០ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សបប្រជាជនកម្ពុជា បានផ្ញើលិខិតជូនឯកឧត្តមស៊ី ជីនភីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងប្រជាជនចិន អបអរសាទរក្នុងឱកាសដ៏មហោឡារិក និងសប្បាយរីករាយ នៃការប្រារព្ធខួបលើកទី ១០០ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន។

យោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកស៊ី ជីនភីង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា តាងនាមឱ្យគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សូមសម្ដែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ ឯកឧត្តមគណបក្សកុម្មុយនីស្តចិន និងប្រជាជនចិន ក្នុងឱកាសដ៏ មហោឡារិក និងសប្បាយរីករាយ នៃការប្រារព្ធខួបលើកទី ១០០ ឆ្នាំនៃការបង្កើតគណបក្សកុម្មុយនីស្តចិន។ ក្នុងឱកាសដ៏រីករាយនេះ សូមអបអរសាទរចំពោះ ឯកឧត្តម ដែលទទួលបាននូវការគាំទ្រ និងសេចក្តី ទុកចិត្តដ៏ច្រើនលើសលប់ពីគណបក្សកុម្មុយនីស្តចិន និងប្រជាជនចិន។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ គណបក្សកុម្មុយនីស្តចិន សាធារណរដ្ឋប្រជាមានិតចិនសម្រេចបាននូវការឯកភាព ភាពសុខដុមរមនា និង វិបុលភាព ទោះបីប្រទេសចិនជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក និងមានជនជាតិភាគតិចផ្សេងៗគ្នាជាច្រើនក៏ដោយ។

ឆ្លៀតឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការកោតសរសើរអស់ពីដួងចិត្តជូនគណបក្សកុម្មុយនីស្តចិន ចំពោះការប្តេជ្ញាចិត្តយ៉ាងមោះមុត និងការខិតខំប្រឹងប្រែងរអស់រយៈពេលមួយរយឆ្នាំកន្លងមកនេះ។ គណបក្សកុម្មុយនីស្តចិនបានប្រឈមមុខ និងជំនះលើឧបសគ្គជាច្រើន ហើយទីបំផុតបាននាំមកនូវវឌ្ឍនភាព និងវិបុល ភាពដ៏ធំធេង ដោយបានផ្លាស់ប្តូរប្រវត្តិសាស្ត្ររបស់ប្រទេស និងជោគវាសនារបស់ប្រជាជនខ្លួន។ ប្រទេសចិន បានក្លាយជាប្រទេសមានសេដ្ឋកិច្ចលំដាប់ទី ២ នៅលើពិភពលោក និងជាប្រទេសកំពុងអភិវឌ្ឍន៍ដំបូងគេបង្អស់ ដែលសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ស្ដីពីការ លុបបំបាត់ភាពក្រីក្រ មុនកាលកំណត់របស់ អ.ស.ប នៅឆ្នាំ ២០៣០។ លើសពីនេះទៅទៀត ប្រទេសចិន សម្រេចបានសមិទ្ធិផលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគួរឱ្យកោតស្ញប់ស្ញែង ដែលបានចូលរួមចំណែកយ៉ាង សំខាន់ដល់សន្តិភាព ការអភិវឌ្ឍន៍ និងវិបុលភាពពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់គណបក្សកុម្មុយនីស្តចិន ដែលចាត់ទុកប្រជាជនជាស្នូលក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តនយោបាយ និងគំនិតផ្តួច ផ្តើមនានា។ គណបក្សបានខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដោយសម្រេចបាននូវការលុបបំបាត់ភាពក្រីក្រ និងកសាងសង្គមរីកចម្រើនមធ្យមលើគ្រប់វិស័យ។ បច្ចុប្បន្នគណបក្សកុម្មុយនីស្តចិនបាន និងកំពុងប្តេជ្ញាចិត្ត និងខិតខំកសាងសង្គមនិយមដែលមានចរិកលក្ខណៈចិន សម្រាប់យុគសម័យថ្មី។

សម្តេចតេជោមានជំនឿយ៉ាងមុតមាំចំពោះជោគជ័យដ៏ធំធេងរបស់គណបក្សកុម្មុយនីស្តចិន ក្នុងការធ្វើកំណទម្រង់ស៊ីជម្រៅមានលក្ខណៈជាប្រព័ន្ធទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ដែលបានលើកកម្ពស់ការអភិវឌ្ឍ សេដ្ឋកិច្ច ប្រកបដោយគុណភាពខ្ពស់ និងបានផ្ដល់ទិសដៅច្បាស់លាស់ដល់គោលនយោបាយថ្មីសម្រាប់ការ អភិវឌ្ឍជាតិ ។

គណបក្សប្រជាជនកម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះមាគ៌ានៃការអភិវឌ្ឍប្រកបដោយសន្តិភាព និងគំនិតផ្តួចផ្តើម ដើម្បីកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ដែលបានជម្រុញ និង ផ្សព្វផ្សាយនូវនយោបាយការទូតប្រកបដោយភាពឈ្លាសវៃរបស់ចិន និងបានជះឥទ្ធិពលដល់អនាគតន ទំនាក់ទំនងអន្តរជាតិ។ ក្នុងបរិបទនេះ ប្រទេសចិនបានលើកកម្ពស់ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការ អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដើម្បីកែលម្អប្រព័ន្ធអភិបាលកិច្ចពិភពលោក តាមរយៈ ការធ្វើកំណែទម្រង់នានា។

សម្តេចតេជោ ហ៊ុន សែន បានធ្វើការប្តេជ្ញាចិត្តដោយឥតងាករ៉េ ក្នុងការពង្រឹង និងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំងយ៉ាងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន គ្រប់ជាន់ថ្នាក់។ គណបក្សប្រជាជនកម្ពុជាសូមកោតសរសើរយ៉ាងខ្លាំងចំពោះគំរូថ្មីរបស់គណបក្សកុម្មុយនីស្តចិន អំពីទំនាក់ទំនងរវាងគណបក្ស និងគណបក្ស តាមរយៈការលើកកម្ពស់ការគោរពគ្នាទៅវិញទៅមក ការរៀនសូតពី គ្នាទៅវិញទៅមក និងការស្វែងយល់ពីចំណុចរួម ដោយទុកភាពខុសគ្នានៅដោយឡែក គួរកត់សម្គាល់ថា គណបក្សកុម្មុយនីស្តចិនកំពុងបន្តលើកកម្ពស់ការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងចំណោមបណ្តាប្រទេស គណបក្សនយោបាយនានា និងប្រជាជន ដើម្បីសន្តិភាព និងវិបុលភាពសាកល។ គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវបានក្លាយជាគំរូ និងវេទិកាថ្មីនៃកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដែលរួមចំណែកដល់ការឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជា ជាតិ។ សកម្មភាពនានា និងគំនិតផ្តួចផ្តើមខាងលើបានធ្វើឲ្យប្រទេសចិនទទួលបានការគោរព និងកោត សរសើរទូទាំងពិភពលោក។

សម្តេចមានជំនឿយ៉ាងមុតមាំថា គណបក្សកុម្មុយនីស្តចិននឹងសម្រេចបាននូវគោលដៅ ១០០ ឆ្នាំ ទី២ របស់ខ្លួនក្នុងការ “កសាងប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និង សុខដុមរមនា” នៅឆ្នាំ២០៤៩៕

Leave a Reply

Your email address will not be published.