ខេត្តបន្ទាយមានជ័យ គ្រោងចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ប្រមាណ៦ម៉ឺននាក់ និងប្រគេនព្រះសង្ឃក្នុងខេត្តផងដែរ

ខេត្តបន្ទាយមានជ័យ ៖ គម្រោងចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ព្រមទាំងប្រគេនព្រះសង្ឃមួយចំនួនមកពីទូទាំងខេត្តផង ដែលលើកនេះគ្រោងចំនួន៦០.០០០នាក់ឯណោះ។

នេះបើតាមលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវី១៩ ថ្លែងកាលនាថ្ងៃទី១ខែកក្កដាឆ្នាំ២០២១នេះ ខណៈបានអញ្ជើញចុះត្រួតពិនិត្យបើកដំណើរការចាក់វ៉ាក់សាំងនៅស្ថានីយ៍រថភ្លើងប៉ោយប៉ែត។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងជម្រាបជូន ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្មករ កម្មការិនីទាំងឡាយថា ៖ វ៉ាក់សាំងដែលចាក់ជូនបងប្អូនយើងនាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ។ ដូច្នេះហើយ បងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។

សូមបញ្ជាក់ថា ទីតាំងដែលរដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត និងរដ្ឋបាលក្រុងប៉ោយប៉ែតបានរៀបចំវ៉ាក់សាំងមកដល់វគ្គថ្មីជូននោះមាន ៩គោលដៅ រួមមាន៖ ១.ស្ថានីយរថភ្លើង ២ក្រុម
២.មណ្ឌលសំចត ២ក្រុម ៣.វត្តផ្សារកណ្តាល ២ ក្រុម, ៤.វត្តរស្មីទួលពង្រ ២ ក្រុម ៥.សាលារៀនបឋមសិក្សាស្រះត្រាច និមិត្ត២ ក្រុម ,៦.វត្តនិមិត្តសុធីរាមកូនដំរី ១ ក្រុម,៧.វត្តត្រាច ២ ក្រុម ៨.សាលាបឋមសិក្សាអូរឬស្សី ២ ក្រុម។ ៩.ទល់មុខសាលាក្រុង ១ ក្រុម។

ក្នុងនាមរដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ លោកអភិបាលខេត្តបានដាក់ចេញនូវផែនការលម្អិត ដោយចាត់ក្រុមគ្រូពេទ្យ កម្លាំងនិងក្រុមការងារយុវជន ដើម្បីចាត់ចែងទទួលរៀបចំ ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្មករ កម្មការិនី ឱ្យមានសណ្តាប់ធ្នាប់ ស្របតាមវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ១៩ និងអាចជួយពន្លឿន ដល់ការចាក់វ៉ាក់សាំងបានកាន់តែលឿន និងបានជ្រាបចូលក្នុងខ្លួនប្រជាពលរដ្ឋ បានឆាប់រហ័ស។

ចំពោះមន្ត្រីសង្ឃគណខេត្ត អនុគណស្រុកក្រុង ព្រះសង្ឃ ចៅធិការ គ្រូសូត្រស្តាំ គ្រូឆ្វេងមកពីខេត្តនិង៨ក្រុងស្រុក មានចំនួន ៣៤៦ អង្គ និងចំនួន២៣៦អង្គមកពីក្រុងប៉ោយប៉ែត ដែលបានទទួលការចាក់វ៉ាក់សាំងលើកនេះនៅទីតាំងវត្តនិមិត្តសុធីរាមឬកូនដំរី៕

Leave a Reply

Your email address will not be published.