អង្គភាពការពារកុមារ CPU ចុះស៊ើបអង្កេត ករណីឃាតកម្ម លើកុមារអាយុជាង០២ឆ្នាំ នៅសង្កាត់ស្ទឹងមានជ័យ២

ភ្នំពេញ ៖ អង្គភាពការពារកុមារ (CPU) បានទទួលដំណឹង អំពីការស្លាប់ ដោយមានការសង្ស័យ នៃកុមារអាយុ០២ឆ្នាំម្នាក់ នៅក្នុងសង្កាត់ស្ទឹងមានជ័យ២ រាជធានីភ្នំពេញ ដោយព័ត៌មានដំបូងនៃការស្លាប់នេះ គឺបណ្តាលមកពី ឪពុកចុងដួលសង្កត់លើ។

ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) រួមសហការជាមួយការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត និងការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការពិនិត្យនៅកន្លែងកើតហេតុភ្លៀមៗដែរ។

ការពិនិត្យសាកសពបឋម បានបង្ហាញថា កុមាររងគ្រោះបានរងរបួសធ្ងន់ធ្ងរ ជាច្រើនកន្លែងនៅលើដងខ្លួន។ បុរសអាយុ២៩ឆ្នាំម្នាក់ ត្រូវជាឪពុកចុងរបស់សាកសព ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ដើម្បីសួរនាំបន្ថែម។

អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃ រួមជាមួយលោកវេជ្ជបណ្ឌិត នង សុវណ្ណរតន៍ បានរួមគ្នាធ្វើកោសល្យវិច័យ ទៅលើសាកសព ដើម្បីបញ្ជាក់អំពីទម្ងន់ នៃស្នាមរបួស ដែលមាននៅលើដងខ្លួន ហើយដែលរបួសទាំងនេះ បានបង្កមរណភាពទៅលើកុមាររងគ្រោះ៕

Leave a Reply

Your email address will not be published.