អាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ វិជ្ជមានចំនួន២នាក់

ខេត្តបន្ទាយមានជ័យ ៖ ដោយអនុវត្តន៍បទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានរៀបចំការយកសំណាកធ្វើតេស្ដរហ័ស (Rapid test) ដល់នាយទាហាន នាយទាហានរង និងពលទាហាន មូលដ្ឋានកងរាជអាវុធហត្ថក្រុង ព្រមទាំងកម្លាំងដែលកំពុងឈរជើងតាមគោលដៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត សរុបចំនួន៩៨នាក់ (នារី០២នាក់) ផងដែរ ដើម្បីរកមេរោគកូវីដ-១៩។

ការធ្វើតេស្តយកសំណាកនេះធ្វើឡើងដោយក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ហើយជាលទ្ធផលរួមគឺវិជ្ជមានតែចំនួន០២នាក់ ហើយត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាលប៉ារ៉ាម៉ា ស្ថិតក្នុងក្រុងប៉ោយប៉ែត។

ក្រោយពីបញ្ចប់ការធ្វើតេស្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់កងកម្លាំងដែលលទ្ធផលអវិជ្ជមានទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ពោលគឺអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ព្រមទាំងអនុវត្តវិធានការផ្សេងៗដែលដាក់ចេញដោយក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនផងដែរ៕

Leave a Reply

Your email address will not be published.