សម្តេចពិជ័យសេនា ៖ ដំណើរការចាក់វ៉ាក់សាំងនៅតាមបណ្តារាជធានី ខេត្ត គឺដំណើរការល្អ និងមិនមានបញ្ហាអ្វីទេ

(ភ្នំពេញ) ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​បានមានប្រសាសន៍​នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះថា ដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតាមបណ្តារាជធានី ខេត្ត គឺបានដំណើរការល្អ និងមិនមានបញ្ហាអ្វីទេ។ ប៉ុន្តែប្រការដែលគួរឲ្យចាប់អារម្មណ៍ គឺអ្នកដែលត្រូវមកទទួល​ការចាក់​វ៉ាក់សាំង​មានការសប្បាយរីករាយ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថា​«ដំណើរការចាក់វ៉ាក់សាំងរបស់យើង​ទៅដោយរលូន​មិនមានបញ្​ហាអ្វីទេ ទោះជាកន្លែងខ្លះមានភ្លៀងតិចតួចបង្កការលំបាក និងខកខានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្លះដែរ ក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយទៅដោយរលូនអត់មានបញ្ហាអ្វីទេ»។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៩ ខែមិថុនា បានឲ្យដឹងថា អ្នកដែលបានចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ទូទាំងប្រទេស គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានចំនួនសរុប ៤.១០០.១០៤នាក់ ក្នុងនោះស្ត្រីមានចំនួន ២.០០០.២៥០នាក់។

ចំណែកអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់វ៉ាក់សាំងបានដោយសារបញ្ហាសុខភាពមានចំនួន ៥៨,២២៨នាក់ ក្នុងនោះស្ត្រីមានចំនួន ២៩,៤៩៣នាក់៕

Leave a Reply

Your email address will not be published.