ក្រុមគ្រូពេទ្យចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ.១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ចាប់ពីថ្ងៃ១កក្កដា

ខេត្តបន្ទាយមានជ័យ ៖ ក្រុមគ្រូពេទ្យនឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ.១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ពិសេសតំបន់ក្រហមនៅ៩ទីតាំងពីថ្ងៃទី១ ខែកក្កដាតទៅ។

នេះបើតាមកិច្ចប្រជុំមួយកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នាសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ស្តីពីកម្មវិធីគ្រូពេទ្យ ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ.១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ៖ ការចាក់វ៉ាក់សាំងនេះ ជាដំណឹងល្អណាស់ សម្រាប់បងប្អូនរស់នៅក្រុងប៉ោយប៉ែត ដែលក្រុមគ្រូពេទ្យចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី១ កក្កដា ២០២១ នៅទូទាំងក្រុងប៉ោយប៉ែត តែម្តង។ ក្នុងនោះមាន៩ទីតាំង៩ទីតាំង ។ក្នុង១ទីតាំង អាចមានក្រុមគ្រូពេទ្យ២ក្រុម។ ក្នុងនោះ មាន១៖ ទីតាំង ស្ថានីយរថភ្លើង មាន២ក្រុម។ ២/ទីតាំងមណ្ឌលសំចតមាន១ ក្រុម ។៣/ទីតាំងវត្តផ្សារកណ្តាល មាន២ ក្រុម។ ៤/ទីតាំងវត្តរស្មីទួលពង្រមាន ២ ក្រុម ។ ៥/ទីតាំងសាលារៀនបឋមសិក្សាស្រះត្រាច និមិត្តមាន២ ក្រុម។ ៦/ទីតាំងវត្តនិមិត្តសុធីរាម កូនដំរីមាន ១ ក្រុម។ ៧/ទីតាំង វត្តត្រាច មាន២ ក្រុម ។៨/ទីតាំងសាលាបឋមសិក្សាអូរឬស្សី មាន២ ក្រុម។ និង៩/ទីតាំងទល់មុខសាលាក្រុង មាន១ ក្រុម។

លោកបានបន្តថា ៖ គោលការណ៍ ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ.១៩នេះ គឺចាក់ឲ្យអ្នកស្ម័គ្រចិត្តតែប៉ុណ្ណោះ ដោយធ្វើលើមនុស្សចាប់ពីអាយុ១៨ឆ្នាំ ឡើងទៅហើយប្រព្រឹត្តិទៅក្នុង ក្របខ័ណ្ឌទូទាំងប្រទេសក្រោម ការគិតគូរ និងដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដើម្បីសុខមាលភាពរបស់ប្រជាជនកម្ពុជា។

លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានអោយថឹងថា ៖ ក្នុងក្រុងនេះ ពលរដ្ឋអ្នកអាយុ១៨ដល់៥៩ឆ្នាំ បានចំនួន៦០.១៥១នាក់និងអាយុ៦០ឆ្នាំឡើង បានឥ៥,៩៩៤នាក់ ។
លោកបានបន្តថា ពលរដ្ឋក្នុងក្រុងបានទទួលការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ បាន៤.២៦៥នាក់ប៉ុណ្ណោះ។ នៅសល់៦៣.៨០៩នាក់ទៀត ដែលមិនទាន់បានចាក់។

ក្នុងនោះរដ្ឋបាលក្រុង ស្នើសុំរដ្ឋបាលខេត្ត ជួយអន្តរារាគមន៍ទៅក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាលដើម្បីបានចាក់វ៉ាក់សាំងចំពោះមុខដែលអាទិភាពនិងហានីយភ័យខ្ពស់ពីការឆ្លងជម្ងឺកូវីដ១៩ ជូនពលរដ្ឋចំនួន១៥.៦០០នាក់/ស្រី៨.៥៨០នាក់សិន ដែលរស់នៅតំបន់ក្រហមនិងតំបន់បិទខ្ទប់។ សំណើរកាលពីខែឧសភា កន្លងមកនេះ នៅមិនទាន់បានការឆ្លើយតបនៅឡើយ៕

Leave a Reply

Your email address will not be published.