ព្រះមហាក្សត្រ​៖ សម្តេច​តេ​ជោ ហ៊ុន សែន មាន​ទឹកចិត្ត​ស្នេហា​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ ខិតខំ​ដឹកនាំ​កសាង​ជាតិ​គ្រប់​វិស័យ​ទាំងអស់ និង​ជួយ​ប្រជារាស្ត្រ​គ្រប់​ទីកន្លែង​

(​ភ្នំពេញ​)៖ ក្នុង​ព្រះរាជសារ​ជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​កំពុង​គង់នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន បាន​លើកឡើងថា ព្រះអង្គ​មាន​សេចក្តី​រីករាយ សូម​សំដែង​នូវ​អំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ដែល​បាន​ថ្វាយ​មក​ព្រះអង្គ នូវ​លិខិត​ថ្វាយព្រះពរ ចុះ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ក្នុងឱកាស​ប្រារព្ធ​ព្រះរាជ​ពិធី​ខួប ទី​១៦ នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​របស់​ព្រះអង្គ​។​

​ក្នុង​ព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ បាន​លើកឡើងថា «​ខ្ញុំ​សូម​កោតសរសើរ​ដ៏​កក់ក្តៅ​ជាទីបំផុត​ចំពោះ​ទឹកចិត្ត​ស្នេហា​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​ឆ្នើម ឈ្លាសវៃ ប៉ិច​ប្រសប់ ដែល​បាន​ខិតខំ​ដឹកនាំ​កសាង​ជាតិ​គ្រប់​វិស័យ​ទាំងអស់ និង​ជួយ​ប្រជារាស្ត្រ​គ្រប់​ទីកន្លែង​ទាំងអស់ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​ប្រទេសជាតិ​យើង មាន​ភាព​រីកចម្រើន រុងរឿង​គ្រប់​វិស័យ និង​ប្រជារាស្ត្រ​បានទទួល​សេចក្តីសុខ​សន្តិភាព​»​៕

Leave a Reply

Your email address will not be published. Required fields are marked *