អាជ្ញាធរ ក្រុងប៉ោយប៉ែត សហកាជាមួយមន្ត្រីជំនាញ ពាក់ព័ន្ធ ចុះអប់រំ ផ្សព្វផ្សាយ ធ្វើកិច្ចសន្យា និងដកហូត ស្រាថ្នាំចិនសែ យីហោ “តាំងគួយ” ជាបណ្តោះអាសន្ន បន្ទាប់ពីមានមនុស្ស ស្លាប់ ៦នាក់ !!!

ក្រុងប៉ោយប៉ែត ៖ បន្ទាប់ពីមាន មនុស្ស ស្លាប់ ក្រោយ ទទួលទាន ស្រាថ្នាំចិនសែ យីហោ “តាំងគួយ” នៅព្រឹក
ថ្ងៃព្រហស្បតិ៍ ៦ រោច ខែជេស្ឋ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទ អាជ្ញាធរ មូលដ្ឋាន ទាំង៣សង្កាត់ សហការ ជាមួយ មន្ទីពាណិជ្ជកម្ម កងកម្លាំងសមត្ថកិច្ច មន្ត្រីជំនាញ ពាក់ព័ន្ធ ចុះអប់រំ ផ្សព្វផ្សាយ ទប់ស្កាត់ ធ្វើកិច្ចសន្យា និងដកហូត ស្រាថ្នាំចិនសែ យីហោ “តាំងគួយ” ជាបណ្តោះអាសន្ន នៅក្នុង ភូមិសាស្ត្រក្រុងប៉ោយប៉ែត និងបាន ស្នើសុំដល់បងប្អូនអាជីវករបញ្ឈប់ ការលក់ប្រភេទស្រាថ្នាំចិនសែ ខាងលើនេះ និងប្រភេទស្រាស្រដៀងគ្នា ដល់អតិថិជនរបស់ខ្លួន ។

សូមបញ្ជាក់ថា យ៉ាងហោចណាស់ពលរដ្ឋចំនួន ០៦នាក់បានស្លាប់ និងសង្គ្រោះនៅមន្ទីរពេទ្យចំនួនជាងម្ភៃនាក់ផ្សេងទៀត ដោយដាក់ការសង្ស័យថាបណ្តាលមកពីពុលស្រាថ្នាំចិនសែ “តាំងគួយ” នៅក្នុងក្រុង-ស្រុកចំនួន៣ នៃខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ។

ជាមួយគ្នានេះផងដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បាន ចេញ លិខិត អំពាវនាវដល់បងប្អូនអាជីវករទាំងអស់ សូមបញ្ឈប់ការដាក់លក់ប្រភេទស្រាថ្នាំឈ្មោះ “ស្រាថ្នាំចិនសែ តាំងគួយ” នៅតាមបណ្តាទីផ្សារទាំងអស់ និងតាមលំនៅឋានមានដាក់តាំងលក់ក្នុងខេត្ត រហូតដល់មានការជូនដំណឹងជាផ្លូវការពីរដ្ឋបាលខេត្ត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

សូមជម្រាបថា ក្រោយពីបញ្ចប់ ការសកម្មភាព ចុះអប់រំ ផ្សព្វផ្សាយ ទប់ស្កាត់ ធ្វើកិច្ចសន្យា និងដកហូត ស្រាថ្នាំចិនសែ យីហោ “តាំងគួយ” ជាបណ្តោះអាសន្ន លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត និងក្រុមការងារ បានអញ្ជើញ ចូលរួមរំលែក ទុក្ខដ៏ក្រៀមក្រំ និងនាំយកថវិការចំនួន៦០០,០០០រៀលនិង អង្ករ២ការ៉ុង ស្មើរ១០០គីឡូក្រាម រួមនិងទឹកត្រីចំនួន២កេះ ប្រគល់ជូន ដល់ក្រុមគ្រួសារ សព្វ ដែល បានស្លាប់ សមាជិកចំនួន២នាក់ ក្នុងនោះ ម្ដាយក្មេកបានស្លាប់មុន ខណៈកំពង់ប្រារព្ធពិធីបុណ្យសព្វ កូនប្រសា ដែលកំដរ រោង បានស្លាប់ម្នាក់ទៀត ក្រោយទទួលទានស្រាថ្នាំចិនសែ យីហោ “តាំងគួយ ” ខាងលើនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *