(ភ្នំពេញ) ៖ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានសម្តែងពីវឌ្ឍនភាពជាមួយកម្ពុជាទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសលើផ្នែកការបង្រ្កាបការជួញដូរមនុស្ស ខណៈប្រតិបត្តិការនេះបានឈានដល់ចាប់ជនល្មើសបានរហូតដល់បញ្ជូនទៅកាន់សហរដ្ឋអាមេរិកវិញនោះ។ថ្លែងនៅក្នុងកិច្ចជំនួបនេះដែរ ឯកឧត្ដម Patrick Murphy បានលើក ឡើងថា វាជាកិច្ចសហប្រតិបត្តិការដ៏ល្អរវាងមន្រ្តីអនុវត្តច្បាប់របស់កម្ពុជា និងមន្រ្តី FBI របស់សហរដ្ឋអាមេរិក ក្នុងកិច្ចការបង្រ្កាបការជួញដូរមនុស្ស និងរំលោភផ្លូវភេទលើកុមារនាពេលកន្លងមកនេះ។
ឯកឧត្ដមឯកអគ្គរដ្ឋទូតបានលើកឡើងទៀតថា«ឯកឧត្ដមបានសង្កត់សម្គាល់ថា ស្ថាប័នអនុវត្តច្បាប់នៅកម្ពុជា ជាមួយអង្គភាព FBI របស់សហរដ្ឋអាមេរិក ដែលបានសហការគ្នាទប់ស្កាត់ បង្រ្កាប និងចាប់ខ្លួនជនល្មើស មួយចំនួនពាក់ព័ន្ឋនឹងការរំលោភផ្លូវភេទលើកុមារមួយចំនួន ហើយបានបញ្ជូនទៅកាន់សហរដ្ឋអាមេរិកវិញ ដែលករណីនេះឯកឧត្ដមបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងថែរក្សាដល់សុវត្ថិភាពសាធារណទាំងកម្ពុជា ក៏ដូចជានៅអាមេរិកនោះ»។
ជាមួយគ្នានោះដែរឯកឧត្ដម Patrick Murphy ក៏បានលើកឡើងផងដែរថា អាមេរិកនៅតែបន្តជួយដល់ប្រទេសកម្ពុជាជានិច្ចបើទោះបីជាអាមេរិកកំពុងរងគ្រោះដោយសារបញ្ហានៃការរីករាលដាលមេរោកគូវិដ១៩ ក៏ដោយនោះ។ ជាងនេះទៅទៀតអាមេរិកក៏នៅតែបន្តជួយដល់កម្ពុជាផ្នែកប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យាផងដែរ ដែលករណីនេះអាមេរិកបានផ្តល់វគ្គបណ្តុះបណ្តាលជាច្រើនដល់កម្ពុជាហើយនោះ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរអគុណចំពោះអាមេរិក ដែលបានជួយដល់កម្ពុជានាពេលកន្លងមក ហើយសម្តេចសូមសម្តែងការគាំទ្រទាំងស្រុងចំពោះការលើកឡើងរបស់ឯកឧត្ដម Patrick Murphy ទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអាមេរិកនោះ៕