អង្គភាពជំនាញ កម្ពុជា-អាមេរិក សហការគ្នាកំណត់មុខសញ្ញាបទល្មើសទំនិញក្លែងក្លាយ និងគ្មានស្តង់ដារ​

(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅស្នាក់ការកណ្តាលអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានទទួលជួបពិភាក្សាការងារជាមួយសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខមាតុភូមិរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការងាររវាងអង្គភាពទាំងពីរ។

កិច្ចសហប្រតិបត្តិការនេះ គឺផ្តោតទៅលើការផ្លាស់ប្តូរព័ត៌មាន ដើម្បីឈានទៅកំណត់នូវមុខសញ្ញានៃបទល្មើស ដែលពាក់ព័ន្ធនឹងទំនិញក្លែងក្លាយ ទំនិញ និងសេវាដែលមិនមានភាពអនុលោមទៅតាមបទប្បញ្ញត្តិបច្ចេកទេស ស្តង់ដារ ឬពុំមានលិខិតអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ច ជាពិសេស ផ្តោតលើផលិតផលផ្សេងៗដែលបម្រើការដល់ជម្ងឺកូវិឌ ១៩ (Unapproved Covid-19 Products) ដូចជាតេស្តបឋម (Test kits) ថ្នាំព្យាបាល ជាដើម។

ជាមួយគ្នានេះដែរ អង្គភាពទាំងពីរ ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ តាមរយៈវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. នឹងទទួលបាននាថ្ងៃអនាគត ហើយដែលផ្តល់ដោយក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិច (U.S. Department of Homeland Security) តាមរយៈសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខមាតុភូមិរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *