(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០នេះ សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានដង្ហែទៅបញ្ចុះនៅស្រុកកំណើតស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ បន្ទាប់ពីបានតម្កល់ធ្វើពិធីបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរអស់រយៈពេលពេល២យប់៣ថ្ងៃនៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ។
ពិធីដង្ហែសពប្រកបដោយភាពក្តុកក្តួល និងសោកសៅត្រូវបានធ្វើឡើងទៅតាមបែបបទប្រពៃណីព្រះពុទ្ធសាសនាក្រោមកិច្ចដឹកនាំរបស់អ្នកឧកញ៉ាភក្ដីព្រះស្តេច ហេង គឹមគុណ ធម្មការ និងសាសនា ព្រះបរមរាជវាំង និងក្រោមព្រះវត្តមានសម្ដេចព្រះរាជាគណៈ៥អង្គ។
នៅក្នុងកិច្ចជម្រាបលាជាលើកចុងក្រោយនោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក លោកស្រី ត្រូវជាកូនប្រសារ កូនបង្កើត ចៅ ចៅទួតទាំងអស់ បានបូជាទៀនធូបសុំខមាលទោសជាលើកចុងក្រោយនៅចំពោះមុខផ្ទាំងរូបថត និងមឈូសតម្កល់សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានធ្វើមរណកាល។
សូមរំលឹកថាអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានទទួលមរណភាព នៅវេលាម៉ោង ២៖១២នាទីទៀបភ្លឺ ថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ៕