(ព្យុងយ៉ាង)៖ ប្រទេសចិនបានបញ្ជូនគណៈប្រតិភូមួយក្រុម ដែលរួមមានទាំងក្រុមអ្នកជំនាញវេជ្ជសាស្ត្រផងដែរនោះ ទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីផ្តល់ប្រឹក្សាដល់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន។ នេះបើតាមប្រភពរបស់សារព័ត៌មាន រ៉យទ័រ(Reuters) នៅថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០។
ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកជំនាញវេជ្ជសាស្ត្រនិងមន្រ្តីជាន់ខ្ពស់របស់ចិន បានកើតឡើងចំពេល ដែលមានរបាយការណ៍ផ្សេងៗគ្នា ជុំវិញសុខភាពរបស់មេដឹកនាំកំពូលរបស់កូរ៉េខាងជើង។ គណៈប្រតិភូនេះគឺដឹកនាំដោយសមាជិកជាន់ខ្ពស់ម្នាក់ នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិរបស់បក្សកុម្មុយនិស្តចិន ហើយបានចាកចេញពីទីក្រុងប៉េកាំង ទៅកាន់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះមកម្ល៉េះ។ នាយកដ្ឋាននេះ គឺជាស្ថាប័នដ៏សំខាន់របស់ប្រទេសចិន សម្រាប់ទំនាក់ទំនងជាមួយប្រទេសជិតខាងកូរ៉េខាងជើង។
សារព័ត៌មាន Daily NK មានមូលដ្ឋាននៅកូរ៉េខាងត្បូងកាលពីដើមសប្តាហ៍នេះ បានចុះផ្សាយអត្ថបទមួយថា មេដឹកនាំកំពូលរបស់កូរ៉េខាងជើង គឺលោកគីម ជុងអ៊ុន កំពុងមានបញ្ហាសុខភាព ក្រោយពីបានទទួលការវះកាត់ ទាក់ទងនឹងប្រព័ន្ធបេះដូង ក៏ដូចជាសសៃឈាម កាលពីថ្ងៃទី១២ ខែមេសាកន្លងទៅនេះ។ ប៉ុន្តែសម្រាប់មន្ត្រីកូរ៉េខាងត្បូងវិញ មើលមិនឃើញសញ្ញាណាមួយដែលខុសប្រក្រតី កើតឡើងនៅក្នុងប្រទេសកូរ៉េខាងជើងឡើយ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងគឺជាប្រទេសមួយក្នុងចំណោមប្រទេសឯកោនិងសម្ងាត់បំផុតរបស់ពិភពលោកហើយសុខភាពរបស់មេដឹកនាំរបស់ពួកគេត្រូវបានចាត់ទុកជាបញ្ហាសន្តិសុខរបស់រដ្ឋ។ទោះយ៉ាងណា ទីភ្នាក់ងារ Reuters មិនអាចកំណត់ភ្លាមៗថា តើដំណើរទស្សនកិច្ចនេះ វាមានទាក់ទងនឹងស្ថានភាពសុខភាពរបស់លោក គីម ជុងអ៊ុន ដែរ ឬក៏យ៉ាងណានោះទេ៕