ជាតិម៉ាឡេស៊ីអះអាងថា ស្ត្រីអាមេរិកពី Westerdam ជាសះស្បើយ COVID-19 ហើយ

​តាមការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី Thestar នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឲ្យស្រ្តីជនជាតិអាមេរិកាំង ដែលជាអ្នកដំណើតាមនាវា Westerdam ដែលក្រសួងសុខាភិបាលម៉ាឡេស៊ី ពិនិត្យឃើញមានករណីកូរ៉ូណាថ្មី (Covid-19) ពេលដែលចាកចេញពីនាវា ហោះចេញពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈនោះ ពេលនេះត្រូវបានលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Wan Azizah Wan Ismail ចេញមកប្រកាសថា ពេលនេះស្រ្តីនោះពុំផ្ទុកមេរោគ Covid-19 ទេ។

អ្នកស្រី Wan Azizah Wan Ismail ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី និយាយថា ស្ត្រីជនជាតិអាមេរិកដែលជាអ្នកដំណើរលើនាវា Westerdam នោះ ត្រូវបានធ្វើតេស្តជាបន្តបន្ទាប់ ហើយលទ្ធផលបង្ហាញថា មិនមានវីរុសដែលបង្កទៅជាជំងឺរលាកសួតធ្ងន់ធ្ងរ (COVID-19) ឡើយ។ ស្រ្តីវ័យ៨៣ឆ្នាំនេះ ត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh ។

«ការធ្វើតេស្តរបស់អ្នកស្រី បានចេញមកអវិជ្ជមាន។» អ្នកស្រី Wan Azizah បញ្ជាក់បែបនេះដែលត្រូវបានផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី The Star។ ប៉ុន្តែ អ្នកជំងឺរូបនេះ បន្តស្ថិតនៅមន្ទីរពេទ្យសិន មុននឹងអនុញ្ញាតឲ្យចាកចេញ។ ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ប្រកាសពីព័ត៌មាននេះក្រោយជំនួបគណៈកម្មាធិការជាន់ខ្ពស់ទទួលបន្ទុក COVID-19។

អ្នកដំណើរអាមេរិករូបនេះ និងស្វាមី បានចាកចេញពីកម្ពុជាកាលពីសប្ដាហ៍មុន។ ទៅដល់ទឹកម៉ាឡេស៊ី អ្នកស្រីក៏ត្រូវប្រកាសថា មានកូរ៉ូណាវីរុស ឯប្ដីរបស់គាត់ មិនមានឡើយ។ មុនការចាកចេញពីកម្ពុជា អ្នកទាំងពីរ ត្រូវបានអាជ្ញាធរសុខាភិបាលកម្ពុជា ធ្វើតេស្តសុខភាព ហើយរកមិនឃើញកូរ៉ូណាវីរុសឡើយ។ នៅទឹកដីម៉ាឡេស៊ី ស្រ្តីអាមេរិករូបនេះ ត្រូវបានធ្វើតេស្តពីរដង ហើយក៏មានលទ្ធផលវិជ្ជមានទាំងពីរដង មុននឹងបង្ហាញលទ្ធផលអវិជ្ជមានពេលនេះ។

Leave a Reply

Your email address will not be published. Required fields are marked *