តំណាងអយ្យការបានសម្រេចចោទប្រកាន់ ថៃ ស្រីនាង នឹងអាចជាប់ពន្ធនាគារពី១ខែ-១ឆ្នាំ

(ភ្នំពេញ) ៖  តំណាងអយ្យការបានសម្រេចចោទប្រកាន់ស្ត្រីឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង អ្នកលក់ផលិតផលអនឡាញតាមបណ្តាញសង្គម បញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសមួយចំនួន តាមមាត្រា៣៨ មាត្រា៣៩ កថាខណ្ឌទី៣ នៃច្បាប់ស្តីពីការធ្វើអាជីវកម្មផ្លូវភេទ និងមាត្រា ២៤៩ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។ នេះបើតាមការបញ្ជាក់របស់លោកគុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមមាត្រា ៣៨-៣៩ ច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង អាចនឹងប្រឈមជាប់ទោសចាប់ពី១ខែ ដល់ ១ឆ្នាំ។

ប៉ូលិសបានបញ្ជូនស្ត្រីឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ជាអ្នកលក់ផលិតផលអនឡាញតាមបណ្តាញសង្គម ដោយបានបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសមួយចំនួនទៅតុលាការកាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
ស្ត្រីឈ្មោះ ថៃ ស្រីនាង ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ ក្នុងករណីផុសរូបភាពសិចស៊ី ប្រឈមនឹងការចោទពីបទផុសរូបភាព និងសំភារ:អាសអាភាស ដោយយោងតាមមាត្រា ៣៨-៣៩ ច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលជាប់ទោសចាប់ពី១ខែ ដល់ ១ឆ្នាំ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ ស្ត្រីឈ្មោះ ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ចំពោះកំហុសឆ្គងដែលគាត់បានផុសរូបភាព និងវីដេអូខ្លីប ដែលធ្វើអោយប៉ះពាល់ដល់ទំនៀមទំលាប់ប្រពៃណី ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ស្ត្រីខ្មែរ និង បានយល់ព្រមថតជាវីដេអូដេីម្បីសុំទោសជាសាធារណ:នូវកំហុសរបស់គាត់ ។ បន្ទាប់ពីធ្វើកិច្ចសន្យា និងសារភាពកំហុសរួច នៅវេលាម៉ោង១១:៣០នាទី ក៏បានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ ។ ស្រាប់តែម៉ោង ២:៣៥នាទីរសៀលថ្ងៃដ៏ដែល ថៃ ស្រីនាង នៅតែមិនរាងចាល ថែមទាំងផុសរូបអាក្រាតកាយ ដែលស្លៀកតែខោលីអូ ។ ដោយមានការឯកភាពយល់ព្រមពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៤:២០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២០ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួន ថៃ ស្រីនាង ម្តងទៀត ដេីម្បីរៀបចំសំណុំឯកសារបញ្ជូនបន្តទៅតុលាការ និងអនុវត្តតាមនីតិវិធីច្បាប់ ។

ស្ត្រីរកស៊ីម្នាក់ដែលតែងផ្សាយ Live លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកវិញ ក្រោយពេលដែលទើបធ្វើកិច្ចសន្យាហើយ បែរជាល្មើសនឹងកិច្ចសន្យា និងបន្តប្រព្រឹត្តអំពើឥតអៀនខ្មាស់នោះម្តងទៀត។
ស្ត្រីអាយុ៣៩ឆ្នាំ ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ត្រូវគេស្គាល់ថាជាស្ត្រី លក់ ផលិតផលអនឡាញរបស់ខ្លួនតាមបណ្តាញសង្គម ដោយបានបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសមួយចំនួន ដែល អំពើទាំងនោះ បានរងការរិះគន់យ៉ាងក្រៃលែង។ ស្ត្រីរកស៊ីម្នាក់នោះ មានទីលំនៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំបូកសរុបការងារ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាឲ្យក្រសួងមហាផ្ទៃ ធ្វើការងារក្នុងបទល្មើសបច្ចេកវិទ្យាដើម្បីពិនិត្យមើល និងចាត់វិធានការរល់វីដេអូអាសអាភាសរបស់ស្ត្រីខ្មែរមួយចំនួន ដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេបសាយមួយចំនួន ព្រោះនេះពិតជាមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តយស និងសីលធម៌របស់ស្ត្រីខ្មែរ ហើយណាមួយកម្ពុជាក៏គ្មានច្បាប់អោយធ្វើបែបនោះឡើយ។

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបានព្រមានចាត់វិធានការអ្នកដែលផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញមួយចំនួន ដែលមានការស្លៀកពាក់ស៊ិចស៊ី ជ្រុលនិយម ហើយធ្វើការផ្សព្វផ្សាយ(Live)លក់ផលិតផលរបស់ខ្លួនលើបណ្តាញសង្គមផ្សេងៗ ដែលនេះក៏ជាការប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរយើងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *