(ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សុវណ្ណ បានប្រាប់សារព័ត៌មានក្នុងស្រុក នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ដោយវាយតម្លៃថា ការធ្វើតេស្ដទៅលើស្ដ្រីជនជាតិអាមេរិកកាំងម្នាក់ ដែលធ្វើដំណើរចេញពីនាវា Westerdam ក្នុងប្រទេសកម្ពុជា ឆ្ពោះទៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី មានផ្ទុកមេរោគ Covid-19 ថា «មានភាពមិនប្រក្រតី»។
ក្រសួងសុខាភិបាលកម្ពុជា ក៏សូមឲ្យខាងភាគីម៉ាឡេស៉ី ត្រូវធ្វើតេស្ដឡើងវិញ តាមស្ដង់ដាអន្ដរជាតិរបស់អង្គការសុខភាពពិភពលោក ឬមជ្ឈមណ្ឌលទប់ស្កាត់ជំងឺឆ្លងសហរដ្ឋអាមេរិក USCDC។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ បានបញ្ជាក់ និងបង្ហាញហេតុផលមួយចំនួន បង្ហាញពីភាពមិនប្រក្រតី ទៅលើការធ្វើតេស្ដស្ដ្រីជនជាតិអាមេរិកកាំង ពីសំណាក់អាជ្ញាធរម៉ាឡេស៉ី។ លោកថា បើសិនជាស្ដ្រីរូបនេះឆ្លង Covide-19 មែននោះ មនុស្សដែលនៅលើនាវា Westerdam ជាង២,០០០នាក់ ក៏ត្រូវមានខ្លះឆ្លងជំងឺនេះផងដែរ ប៉ុន្ដែរហូតមកដល់ពេលនេះ ក្រោយការធ្វើតេស្ដគ្រប់គ្នាបង្ហាញថា ពុំមានមនុស្សណាម្នាក់ទាំងភ្ញៀវទេសចរ ឬអ្នកបម្រើការងារនៅលើនាវាឆ្លងនោះឡើយ។
ហេតុផលមួយទៀត លោក លី សុវណ្ណ បានបញ្ជាក់ថា បើគិតតាំងពីថ្ងៃចេញដំណើរពីទីក្រុងហុងកុងទី១ ខែកុម្ភៈនោះ ការធ្វើតេស្ដទៅលើស្ដ្រីជនជាតិអាមេរិកកាំងរូបនេះ ច្បាស់ជារកឃើញថា ឆ្លងជំងឺនៅពេលដែលធ្វើដំណើរមកដល់ប្រទេសកម្ពុជា ក្នុងរយៈពេលជាង ១០ថ្ងៃនោះ ប៉ុន្តែឆ្លងតាមការពិនិត្យយ៉ាងល្អិតល្អន់របស់ក្រុមគ្រូពេទ្យលើវានា និងគ្រូពេទ្យរបស់កម្ពុជាបង្ហាញថា មិនមានវីរុសកូរ៉ូណានោះឡើយ។
ទន្ទឹមគ្នានេះ ខាងមន្ដ្រីអង្គការសុខភាពពិភពលោក ក៏បានងឿងឆ្ងល់ផងដែរ ចំពោះលទ្ធផលវិជ្ជមាន ដែលម៉ាឡេស៉ី បានរកឃើញទៅលើស្ដ្រីជនជាតិ អាមេរិកកាំងម្នាក់នេះ ដោយសារតែពួកគេរួមទាំងមន្ដ្រីជំនាញសុខាភិបាលរបស់ស្ថានទូតអាមេរិក និងមន្ដ្រីសុខាភិបាលកម្ពុជា បានរួមគ្នាធ្វើកិច្ចការងារនេះ ទៅលើក្រុមភ្ញៀវទេសចរ តែបង្ហាញថា គ្មាននរណាម្នាក់ឆ្លងមេរោគ Covid-19 នោះទេ។ នេះបើតាមការបញ្ជាក់បន្ថែមរប ស់លោក លី សុវណ្ណ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសថា ខ្លួនបានរកឃើញនូវករណីវិជ្ជមាននៅលើខ្លួនស្រ្តីចំណាស់អ្នកដំណើរតាមនាវា Westerdam ម្នាក់ អាយុ៨៣ឆ្នាំ ដែលបានហោះចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែការពិនិត្យនោះមិនត្រូវបានរកឃើញមេរោគ Covid-19 នៅលើស្វាមីរបស់គាត់ទេ។
ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសមួយទៀត ដោយអះអាងថា គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ខ្លួនបានធ្វើតេស្តសុខភាពលើអ្នកដំណើរតាមនាវា Westerdam ចំនួន១២៨៦នាក់ នៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដោយលទ្ធផលបង្ហាញថា ពួកគេមិនមានមេរោគកូរ៉ូណាថ្មី ឬ COVID-19 នោះឡើយ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកមានឡើងកំដៅខ្លួនឡើយ៕