ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចបង្កើតគណៈកម្មការសម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន នេះបើយោងតាមលិខិតសម្រេចរបស់ក្រសួងព័ត៌មានផ្សព្វផ្សាយកាលពីថ្ងៃទី០៥ កុម្ភៈ។
នៅក្នុងសេចក្តីសម្រេចឃើញមានបញ្ជីឈ្មោះគណៈកម្មការសម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មានចំនួន ២៣រូប ដែលមានឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានជាប្រធាន និងមានរដ្ឋលេខាធិការជាអនុប្រធាន អនុរដ្ឋលេខាធិការជាអនុប្រធាន ចាប់ពីទីប្រឹក្សា អគ្គនាយក ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ នៃក្រសួងព័ត៌មាន ជាសមាជិក។
ក្នុងបញ្ជីឈ្មោះគណៈកម្មការទាំង ២៣រូប ក៏មានសមាជិកជាប្រធានក្លឹម សមាគមសារព័ត៌មានបានចូលរួមជាសមាជិករួមមាន៖
- លោក ហ៊ុយ វណ្ណៈ ជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា
- លោក ប៉ែន បូណា ជាប្រធាន ក្លិបអ្នកកាសែតកម្ពុជា
- លោក ថាន វុត្ថា ជាប្រធាន សមាគមអ្នកសារព័ត៌មានកម្ពុជា ដើម្បីសេរីភាព
- លោក អ៊ុំ សារិន ជាប្រធាន សមាគមកម្ពុជាការពារអ្នកកាសែត
សម្រាប់តួនាទី និងភារៈកិច្ចនៃគណៈកម្មការសម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន ត្រូវធ្វើ ចំពោះសារព័ត៌មានណាបានចុះបញ្ជីនៅក្រសួងព័ត៌មាន ដែលត្រូវទទួលរងការប្តឹងតវ៉ាពីភាគីពាក់ព័ន្ធក្នុងពេលបំពេញវិជ្ជាជីវៈ។ ក្រៅពីនេះគណៈកម្មការក៏បានទទួលពាក្យបណ្តឹងរបស់អ្នកសារព័ត៌មាន ដើម្បីពិនិត្យ សិក្សាអំពីអង្គហេតុ និងផ្តល់ការពិគ្រោះយោបល់ ដើម្បីពិភាក្សាអំពីព្យសនកម្មដែលអាចកើតមានជាយថាហេតុ មុននឹងចេញផ្សាយអត្ថបទព័ត៌មានទាក់ទងនឹងបញ្ហារសើប។
សូមជម្រាបថាក្រោយពីគណៈកម្មការបានពិនិត្យ សិក្សាអំពីអង្គហេតុគ្រប់ជ្រុងជ្រោយ ប្រសិនបើសម្របសម្រួលមិនបានទេ នោះគណៈកម្មការនឹងត្រូវបញ្ជូន សំនំរឿងរបស់អ្នកសារព័ត៌មានវិជ្ជាជីវៈ ទៅក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ដើម្បីការពារក្តីតាមផ្លូវច្បាប់៕