លោក គឹមស្រ៊ុន កុសល ហៅ (TOMMY ) តំណាងស្ថានីយ៍ទូរទស្សន៍ Town Full HDTV កម្ពុជា បានអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន នៅប្រទេស ជប៉ុន ស្តីពីការចាប់គូកីឡាករខ្មែរ ជាមួយកីឡាករបរទេស ត្រៀមឡើងប្រកួតលើសង្វៀនពិភពលោក RISE World Series ដែលនឹងព្រឹត្តិទៅនាខែមេសា ឆ្នាំ២០២០ខាងមុខនេះ។
លោក TOMMY បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអន្តរជាតិ ក្នុងពិធីសន្និសីទសារព័ត៌មាននៅសណ្ឋាគារ Nakano Sun Plaza Hall ទីក្រុង Tokyo ប្រទេស ជប៉ុន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ថា៖ ជាលើទីមួយដែលស្ថានីយទូរទស្សន៍ Town Full HDTV បានត្រៀមបញ្ជូនកីឡាករខ្មែរ ខេម ចាន់ វ័យ ២៤ឆ្នាំ ដែលជាម្ចាស់មេដាយសំរិទ្ធិ ស៊ីហ្គេម បានត្រៀមឡើងសង្វៀនពិភពលោក RISE World Series និងបានចាប់គូប្រកួតជាមួយកីឡាករជនជាតិ ជប៉ុន ម៉ាសាហ៊ីកូ ស៊ុស៊ូគិ (MASAHIKO SUZUKI) ដែលត្រូវឡើងប្រកួតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។
លោក TOMMY បានបញ្ជាក់ថាការប្រកួតកីឡាករ ខេម ចាន់ និងកីឡាករ ម៉ាសាហ៊ីកូ គឺប្រកួតបែប KICKBOXING ដែលជាការប្រដាល់មានចំនួន ៣លើក ឬ៣ទឹក ក្នុង១លើក ឬ១ទឹក មានរយៈពេល ៣នាទី ប្រសិនបើលទ្ធផលទាំង ៣ទឹកស្មើគ្នា នោះគណៈកម្មាធិការត្រូវបន្ថែម ១ទឹកទៀត បើលទ្ធផលនៅតែស្មី គណៈកម្មាធិការត្រូវពិនិត្យលើផ្នែកបច្ចេកទេសប្រដាល់របស់កីឡាករដើម្បីកាត់ក្តីយកឈ្នះចាញ់។
ការប្រកួតបែប KICKBOXING គឺហាមមិនឲ្យកីឡាករ ចាប់ជើង – អោប – វាយកែង និងឡើងជង្គង់ KICKBOXING អនុញ្ញាតកីឡាករបានត្រឹមតែដាល់ និងទាត់ដោយសេរី។
ក្រោយពីសន្និសីទ និងកម្មវិធីចាប់គូប្រកួតកីឡាករលោក TOMMY បានបញ្ជាក់ថាកីឡាករខ្មែរ ខេម ចាន់ ត្រូវប្រកួដជាមួយកីឡាករជប៉ុន ម៉ាសាហ៊ីកូ ប្រភេទទម្ងន់ ៥៥Kg លើសង្វៀនពិភពលោក RISE World Series នៅទីក្រុង Osaka ប្រទេសជប៉ុន នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៥:០០នាទី។
តំណាង Town Full HDTV បានបញ្ជាក់ថា ការប្រកួតចាប់ផ្តើមនៅថ្ងៃទី១២ ខែមេសា ខាងមុខនេះ គឺជាការប្រកួតជម្រុះដោយមានកីឡាករខ្លាំងៗមកពី ៨ប្រទេសផ្សេងគ្នា ដណ្តើមខ្សែរក្រវ៉ាត់ជើងឯកលើសង្វៀន RISE World Series ។ ចុងក្រោយម្ចាស់ខ្សែរក្រវ៉ាត់ នឹងត្រៀមឡើងទៅប្រកួតបន្តនៅក្នុងខែតុលា ឆ្នាំ២០២០ ជាមួយម្ចាស់ខ្សែរក្រវ៉ាត ថេន ស៊ិន (Ten Shin) ជនជាតិជប៉ុន ៕