៤១ ឆ្នាំការបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ឆ្នាំ១៩៧៨ ដល់ ២ ធ្នូ ឆ្នាំ២០១៩

ខួបទី ៤១ឆ្នាំនៃចលនាផ្តួលរំលំរបបដឹកនាំសម្លាប់រង្គាលរបស់ពួកខ្មែរក្រហម ដោយចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានទទួលជ័យជំនះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ត្រូវជាថ្ងៃបង្កើតជាផ្លូវការ « រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា » ដែលបច្ចុប្បន្នត្រូវបានប្តូរ ឈ្មោះថា « ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា » ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញផែនការរំដោះជាតិចេញពី របបកម្ពុជាប្រជាធិបតេយ្យ។
២ធ្នូឆ្នាំ១៩៧៨ ត្រូវបានកន្លងហួសអស់រយៈពេល ៤១ឆ្នាំក្តី តែត្រូវបានបន្សល់ទុកនៅទិដ្ឋភាពដ៏សែនឈឺចាប់បំផុតជាប់ក្នុងអារម្មប្រជាជនខ្មែរគ្រប់រូបនៅចងចាំគ្មានថ្ងៃបំភ្លេបបានបើទោះបីរបបអាវខ្មៅត្រូវបានបរាជ័យក៏ដោយ។ អ្វីដែលធ្វើឲ្យប្រជាជនខ្មែរដែលធ្លាប់បានរស់ឆ្លងកាត់របបដ៏សែនសាហាវព្រៃផ្សៃមួយនេះដូចជា ការបង្ខំប្រជាជនខ្មែរឲ្យធ្វើការជាទម្ងន់ បង្អត់អាហារ គ្មានថ្មាំព្យាបាល ខ្វះសម្លៀកបំពាក់ គ្មានជម្រករស់នៅសមរម្យ បំបិទសិទ្ធិសេរីភាពគ្រប់យ៉ាង ពិសេសពួកឃាតករអាវខ្មៅបានសម្លាប់ប្រជាជនខ្មែរដោយគ្មានកំហុសរាប់លាននាក់។
ទាំងនេះហើយដែលនាំឲ្យ ២ធ្នូឆ្នាំ១៩៧៨ គឺជាថ្ងៃចាប់កំណើតនៃចលនាតស៊ូដែលមានឈ្មោះថា « រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា » ។ រណសិរ្សនេះត្រូវបានបង្កើតឡើងក្នុងគោលដៅផ្តួលរំលំរបបខ្មែរក្រហមដែលបានសាបព្រោះរបបវាលពិឃាតនៅលើទឹកដីកម្ពុជាចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
២ ធ្នូ ត្រូវបាន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវារម្លឹកខួបជ័យជំនះជារៀងរាល់ឆ្នាំមិនដែលខាន ជាសារមួយរម្លឹកអំពីចលនារំដោះជាតិប្រឆាំងនឹងមេដឹកនាំដែលកាច់ចង្កូតប្រទេសទៅរកក្តីវិនាសអន្តរាយ។
២ ធ្នូ ទទួលបានជ័យជំនះមកវិញ និងបានប្រគល់ជូនប្រជាជនកម្ពុជានូវភាពសុខដុមរមនា សំបូរសប្បាយ សន្តិភាព បរិបូរណ៍ និងមានការអភិវឌ្ឍន៍ជាតិជាបន្តបន្ទាប់មកដល់បច្ចុប្បន្ន។

កម្លាំងសាមគ្គីបង្រួបបង្រួមជាតិដែលផ្តើមឲ្យមានចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅឆ្នាំ១៩៧៧ ប្រជាជនខេត្តសៀមរាប បាត់ដំបង កំពង់ធំ មណ្ឌលគីរី កំពង់ឆ្នាំង និងនៅចម្ការហ្លួង បានក្រោកឡើងបង្កចលនាប្រឆាំងនឹងខ្មែរក្រហម។ ចលនាបះបោររបស់ប្រជាជនបានធ្វើឲ្យអង្គការដឹកនាំគ្រប់លំដាប់ថ្នាក់របស់ខ្មែរក្រហមចាប់ផ្តើមសម្លាប់ប្រជាជនកាន់តែច្រើន និងគ្រប់កន្លែងទូទាំងប្រទេស ពិសេសភូមិភាគនិរតី ឧត្តរ ពាយ័ព្យ និងបូព៌ា។ ចលនាបះបោររបស់ប្រជាជនកម្ពុជាកើតមានកាន់តែធំឡើងៗ ហើយរីករាលដាលពាសពេញប្រទេស ដូចជាប្រជាជននៅស្រុកត្បូងឃ្មុំ កំពង់ចាម បច្ចុប្បន្នខេត្តត្បូងឃ្មុំ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ស្រុកបកែវ ខេត្តរតនគីរី ជាដើម។
នៅឆ្នាំ១៩៧៨ នៅភូមិភាគបូព៌ាសមមិត្ត ហេង សំរិន ជាមេបញ្ជាការកងពលធំលេខ៤ បានដឹកនាំកុបកម្មមួយប្រឆាំងនិងខ្មែរក្រហម។ ពួកកុបករទាំងអស់បាចខិតប័ណ្ណអំពាវនាវឲ្យប្រជាជនកម្ពុជាទាំងអស់គ្នាក្រោកឡើងរួមសាមគ្គីជាកម្លាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យ។
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ មហាសន្និបាតរបស់អ្នកស្នេហាជាតិគ្រប់តំបន់បានធ្វើឡើងនៅមូលដ្ឋានរំដោះ។ មហាសន្និបាតបានសម្រេចជាឯកច្ឆន្ទបង្កើត « រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា » និងបោះឆ្នោតជ្រើសតាំងគណកម្មាធិការមជ្ឈិមរណសិរ្សដែលមានសមាជិក ១៤រូប ក្នុងនោះសមមិត្ត ហេង សំរិន ជាប្រធាន។
មហាសន្និបាតបានអនុម័តកម្មវិធីនយោបាយដូចខាងក្រោម៖
ទី១. ផ្តួលរំលំរបបប្រល័យពួជសាសន៍ខ្មែរក្រហម រំដោះប្រជាជនទូទាំងប្រទេសឲ្យរួចផុតពីរណ្តៅមរណៈ
ទី២. គោរពឆន្ទៈ និងគោលបំណងរបស់ប្រជាជនកម្ពុជា
ទី៣. កសាងប្រទេសកម្ពុជាប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ អព្យាក្រឹត បូរណភាពទឹកដី និងសម្បូររុងរឿង។
ចាប់ពីពេលនោះមក កម្លាំង រណសិរ្សសង្គ្រោះជាតិកម្ពុជា កាន់តែរីកធំធាត់ និងខ្លាំងក្លាឡើងៗ ជាកម្លាំង មហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩៕

Leave a Reply

Your email address will not be published. Required fields are marked *